UN ថារថក្រោះអ៊ីស្រាអែល ទម្លុះចូលខ្លោងទ្វារធំនៃមូលដ្ឋានរបស់កងរក្សាសន្តិភាពនៅលីបង់

 ប្រភព៖ Reuters

ហ៊្សេរុយសាឡិម៖ អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា រថក្រោះអ៊ីស្រាអែល បានទម្លុះចូលមកតាមខ្លោងទ្វារនៃមូលដ្ឋាន របស់កងរក្សាសន្តិភាព នៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។

កងកម្លាំងបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិ ប្រចាំប្រទេសលីបង់ (UNIFIL) ចេញសេចក្តីថ្លែងការណ៍មួយថា រថក្រោះអ៊ីស្រាអែល Merkava ពីរគ្រឿង ស្រាប់តែចូលមកតាមខ្លោងទ្វារធំ ហើយពេលរថក្រោះបើកទៅផុត គ្រាប់ផ្លោងក៏ផ្ទុះឡើង ចម្ងាយប្រហែល ១០០ម៉ែត្រ ដោយបញ្ចេញផ្សែងហុយពេញមូលដ្ឋាន និងនាំឱ្យបុគ្គលិកឈឺ។

សូមជម្រាបថាឧប្បត្តិហេតុពាក់ព័ន្ធនឹងកងរក្សាសន្តិភាព UN នៅលីបង់ បានកើតមានឡើង បន្ទាប់ពីអ៉ីស្រាអែល-ហេសបូឡាបង្កើនការប្រយុទ្ធគ្នា ទាំងផ្លូវអាកាស និងជើងគោក។

លោក ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានផ្ញើលិខិតទៅកាន់ប្រមុខ UN លោក Antonio Guterres ឱ្យថាដកកងរក្សាសន្តិភាពចេញពីបន្ទាយនៅលីបង់ ដោយនិយាយថា មានទីតាំងឈរជើងរបស់ក្រុមហេសបូឡានៅទីនោះ និងជាតំបន់កំពុងមានការប្រយុទ្ធគ្នា៕



 

Powered by Blogger.