អូស្ដ្រាលី បង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ឱ្យ​កាន់តែល្អប្រសើរ

ភ្នំពេញ៖ លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា បានបង្ហាញសុទិដ្ឋិនិយម និងតាំងចិត្តខ្ពស់ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងបន្តចូលរួមធ្វើឱ្យបរិយាកាសវិនិយោគនៅប្រទេសកម្ពុជា កាន់តែមានភាពល្អប្រសើរ។

ក្នុងជំនួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៧ តុលា លោកឯកអគ្គរដ្ឋទូត បានបង្ហាញនូវសុទិដ្ឋិនិយម និងការតាំងចិត្តខ្ពស់ក្នុងការបង្កើន កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងបន្តចូលរួមធ្វើឱ្យបរិយាកាសវិនិយោគ នៅប្រទេសកម្ពុជាកាន់តែមានភាពល្អប្រសើរ។

លោកបានបង្ហាញអំពីមោទនភាព ដែលប្រទេសអូស្រ្តាលីតាមរយៈ កម្មវិធីភាពជាដៃគូកម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) បានចូលរួមចំណែកយ៉ាងសកម្មជាមួយកម្ពុជា ក្នុងវេទិការាជរដ្ឋាភិបាលនិងផ្នែកឯកជន។

បន្ថែមពីនេះ លោកក៏បានបង្ហាញពីចំណាប់អារម្មណ៍លើផែនការ និងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានារបស់កម្ពុជា ព្រមទាំងរំពឹងថាក្រុមហ៊ុនរបស់ប្រទេសអូស្ត្រាលី នឹងអាចចូលរួមចំណែកសាងសង់ ក្នុងគម្រោងណាមួយនាពេលខាងមុខផងដែរ។

មានប្រសាសន៍លើកឡើងនាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនអំពីកាលានុវត្តភាពវិនិយោគ នៅកម្ពុជាដែលមានកម្លាំងពលកម្មវ័យក្មេង ហើយការបណ្តាក់ទុនវិនិយោគនៅកម្ពុជាទៀតសោត មិនមែនបម្រើតែទីផ្សារប្រជាជនចំនួន ១៧លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែបម្រើឱ្យទីផ្សារនៃមហាអនុតំបន់ទន្លេមេគង្គ ដែលមានប្រជាជនរហូតដល់ទៅ ៣៣០លាននាក់។

ដើម្បីជំរុញឱ្យបរិយាកាសវិនិយោគ នៅកម្ពុជាកាន់តែមានភាពទាក់ទាញ និងអនុវត្តស្របតាមអាទិភាពគន្លឹះទី៥ នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីការដាក់ឱ្យប្រើប្រាស់សាកល្បង នូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ដែលនឹងផ្តល់ភាពងាយស្រួលដល់ វិនិយោគិនក្នុងការដាក់ពាក្យស្នើសុំវិនិយោគ។

បន្ថែមពីនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងអំពីផែនការនៃដំណើរទស្សនកិច្ចជំរុញ និងទាក់ទាញវិនិយោគ នៅតាមបណ្តាប្រទេសមួយចំនួនបន្ថែមទៀត នៅមុនដំណាច់ឆ្នាំ២០២៤នេះ ដើម្បីផ្តល់ព័ត៌មានអំពីសក្តានុពលរបស់កម្ពុជា ទៅកាន់វិនិយោគិនអន្តរជាតិបានកាន់តែទូលាយ។

ជាមួយគ្នានេះ ចំពោះហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបបន្ថែមជូនឯកឧត្តមឯកអគ្គរដ្ឋទូត អំពីផែនការអភិវឌ្ឍន៍មួយចំនួន របស់រាជរដ្ឋាភិបាលកម្ពុជាមានជាអាទិ៍ ផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ឆ្នាំ២០២៣-២០៣៣ ដែលបើកឱកាសជូនវិនិយោគិនពីគ្រប់បណ្ដាប្រទេស អាចពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគ៕






 


Powered by Blogger.