អ៊ុយក្រែន ហាមប្រាមការប្រើប្រាស់កម្មវិធី Telegram លើឧបករណ៍រដ្ឋាភិបាល
ប្រភព៖ Reuters
កៀវ៖ រដ្ឋាភិបាលអ៊ុយក្រែន នៅថ្ងៃសុក្រនេះបានសម្រេចហាមឃាត់មន្ត្រីរដ្ឋ បុគ្គលិកយោធា និងបុគ្គលិកសំខាន់ៗ ពីការប្រើប្រាស់កម្មវិធីផ្ញើសារ Telegram នៅលើកុំព្យូទ័រ ទូរស័ព្ទ ឬថេប្លេតរបស់រដ្ឋាភិបាល ដោយសារតែការព្រួយបារម្ភអំពីសមត្ថភាពរបស់សេវាកម្មពិសេសរបស់រុស្ស៊ីក្នុងការចាប់យកទិន្នន័យ និងសារនៅលើវេទិកានេះ។
ការហាមឃាត់នេះត្រូវបានអនុវត្ត
បន្ទាប់ពីប្រធានទីភ្នាក់ងារចារកម្មយោធា GUR របស់អ៊ុយក្រែន
បានបង្ហាញភស្តុតាងដល់ក្រុមប្រឹក្សាសន្តិសុខ
និងការពារជាតិអំពីសមត្ថភាពចារកម្មរបស់រុស្ស៊ីនៅលើ Telegram។
ទោះបីជា Telegram ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសអ៊ុយក្រែន
និងជាប្រភពព័ត៌មានសំខាន់ក៏ដោយ
ក៏មន្ត្រីសន្តិសុខអ៊ុយក្រែនបានសម្តែងការព្រួយបារម្ភអំពីសុវត្ថិភាពរបស់វាជាច្រើនលើកច្រើនសារក្នុងអំឡុងសង្គ្រាម។
ការហាមឃាត់នេះគឺជាការឆ្លើយតបទៅនឹងការព្រួយបារម្ភទាំងនេះ និងមានគោលបំណងការពារព័ត៌មានរសើបពីការធ្លាក់ទៅក្នុងដៃរបស់សត្រូវ។
Telegram ត្រូវបានបង្កើតឡើងដោយជនជាតិរុស្ស៊ី លោក Pavel Durov ដែលបានចាកចេញពីប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១៤
បន្ទាប់ពីបដិសេធមិនអនុវត្តតាមការទាមទារដើម្បីបិទក្រុមប្រឆាំង
នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម VKontakte ដែលគាត់ធ្លាប់ជាម្ចាស់។
លោក Durov ត្រូវបានចាប់ខ្លួននៅពេលចុះចតនៅប្រទេសបារាំងក្នុងខែសីហាកន្លងទៅ
ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើឧក្រិដ្ឋកម្មទាក់ទងនឹងរូបភាពអាសអាភាសរបស់កុមារ
ការជួញដូរគ្រឿងញៀន និងប្រតិបត្តិការក្លែងបន្លំនៅលើ Telegram៕
Post a Comment