ហេសបូឡា សន្យាសងសឹកអ៊ីស្រាអែល ក្រោយការផ្ទុះឧបករណ៍ទំនាក់ទំនង pager

 ប្រភព៖ Reuters

បេរូត៖ ក្រុមហេសបូឡា បានសន្យាថានឹងសងសឹកអ៊ីស្រាអែល ​បន្ទាប់ពីចលនាប្រដាប់អាវុធមួយនេះបានចោទប្រកាន់ថាអ៊ីស្រាអែលជាអ្នកនៅពីក្រោយការបំផ្ទុះ ឧបករណ៍ទំនាក់ទំនង pager នៅទូទាំងប្រទេសលីបង់ កាលពីថ្ងៃអង្គារ ទី១៧ ខែកញ្ញា ដោយសម្លាប់មនុស្ស៩នាក់ និងជិត៣០០០នាក់រងរបួស ក្នុងនោះមានទាំង ក្រុមអ្នកប្រយុទ្ធហេសបូឡា និងអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំទីក្រុងបេរូត។

ក្រុមហេសបូឡាបាននិយាយថាអ៊ីស្រាអែលនឹងត្រូវទទួលរងទណ្ឌកម្មយ៉ាងស័ក្តិសម ចំពោះហេតុការណ៍បំផ្ទុះនេះ។ ប៉ុន្តែ ខាងអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយអ្វីទេ ជុំវិញការចោទប្រកាន់របស់ក្រុមហេសបូឡា។

បើតាមក្រសួងសុខាភិបាលលីបង់ តួលេខអ្នកស្លាប់នៅក្នុងការហេតុការណ៍បំផ្ទុះឧបករណ៍ pager កាលពីយប់ថ្ងៃអង្គារម្សិលមិញ នៅទូទាំងប្រទេសលីបង់ បានកើនដល់ ៩នាក់ ខណៈមនុស្ស ២ ៧៥០នាក់រងរបួស។ ឧបករណ៍ pager គឺជាឧបករណ៍ទំនាក់ទំនងមួយដែលក្រុមហេសបូឡាបញ្ជាទិញពីក្រុមហ៊ុន Gold Apollo មានមូលដ្ឋាននៅកោះតៃវ៉ាន់ ដើម្បីផ្ញើសារទាក់ទងគ្នា ជំនួសការប្រើប្រាស់ទូរស័ព្ទដៃ ក្នុងគោលបំណងបញ្ចៀសកុំឱ្យអ៉ីស្រាអែលកំណត់ទីតាំងទូរស័ព្ទ។

រដ្ឋមន្ត្រីក្រសួងព័ត៌មានលីបង់ លោក Ziad Makary បានថ្កោលទោសការបំផ្ទុះឧបករណ៍ pager ដែលត្រូវបានក្រុមហេសបូឡា និងប្រជាជនលីបង់មួយចំនួនប្រើប្រាស់ ដើម្បីផ្ញើសារទាក់ទងគ្នាទៅវិញទៅមក នៅចំពោះមុខភាពតានតឹងជាមួយអ៊ីស្រាអែល៕



 

Powered by Blogger.