រដ្ឋបាលរាជធានីរៀបចំរថយន្តក្រុង ៦៥៣គ្រឿង ជិះដោយមិនបង់ប្រាក់ទៅមកតាមខេត្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៦៥៣គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ដោយជិះមិនបង់ប្រាក់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដែលបានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។
សេចក្ដីជូនដំណឹងដដែលបានឱ្យដឹងថា
ការរៀបចំរថយន្តក្រុងចំនួន ៦៥៣គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល ៥ថ្ងៃ
ដោយជិះមិនបង់ប្រាក់នេះ ដើម្បីជួយសម្រួលដល់ការចំណាយជូនកម្មករ នយោជិត
និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្ដាខេត្តភាពឦសាន។
រដ្ឋបាលរាជធានីភ្នំពេញបានបែងចែកគោលដៅបណ្ដារាជធានី
ខេត្ត ចំនួន៣ធំៗដូចជា
សម្រាប់តម្រាយរត់ក្នុងរាជធានីភ្នំពេញនឹងប្រើប្រាស់រថយន្តក្រុង ១០០គ្រឿង។
សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ត
និងពីបណ្ដាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ ដែលជាបណ្ដាខេត្តក្រៅពីភូមិភាគឦសាន
គឺនឹងប្រើប្រាស់រថយន្តក្រុងចំនួន ៤៩៧គ្រឿង។ ចំពោះខេត្តភូមិភាគឦសាន ដូចជា
ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី គឺប្រើប្រាស់រថយន្តចំនួន
៥៦គ្រឿង ដែលគោលដៅទៅខេត្តទាំងនេះនឹងចេញដំណើរពីស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង។
ទន្ទឹមនឹងនេះ
ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះដែរ
រដ្ឋបាលរាធានីភ្នំពេញក៏រៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃតាមគោលដៅចេញដំណើរផងដែរ។
ជាមួយគ្នានេះរដ្ឋបាលរាជធានីក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន
និងម្ចាស់រថយន្តដេកជញ្ជូនអ្នកដំណើរទាំងអស់ឱ្យរក្សាតម្លៃដឹកជញ្ជូននៅដដែល
ដោយពុំឡើងថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីរួចចំណែកជាមួយរាជរដ្ឋាភិបាល
និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕
Post a Comment