កងទ័ពជើងទឹកត្រៀមកម្លាំងជាងមួយពាន់នាក់ សម្រាប់អន្តរាគមន៍ជួយពលរដ្ឋជួបគ្រោះទឹកជំនន់
ភ្នំពេញ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានឲ្យដឹងថា កងទ័ពជើងទឹកបានត្រៀមកម្លាំងជាងមួយពាន់នាក់ និងមធ្យោបាយរួចជាស្រេច សម្រាប់ចុះអន្តរាគមន៍ជួយបងប្អូនប្រជាពលរដ្ឋជួបករណីទឹកជំនន់នៅតាមបណ្តារាជធានី-ខេត្តនានា។
ថ្លែងនាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ឧត្តមនាវីឯក ទៀ សុខា បានលើកឡើងថា ខណៈគ្រោះទឹកជំនន់បានកំពុង គំរាមកំហែង នៅ ប្រទេសជិតខាង របស់កម្ពុជា ហើយក៏ទទួលបានបទបញ្ជាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រៀមខ្លួនចុះអន្តរាគមន៍ជួយបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នោះ បញ្ជការដ្ឋានកងទ័ពជើងទឹកបានត្រៀមកម្លាំង និងសម្ភាររួចជាស្រេចសម្រាប់ចុះជួយអន្តរាគមន៍គ្រប់ពេលវេលាទាំងអស់ ពោលគឺ២៤ ម៉ោងលើ២៤ម៉ោង។
ឧត្តមនាវីឯក ទៀ សុខា ថ្លែងថា ខណៈពេលដែល អាកាសធាតុមិនសូវល្អនាពេលនេះកង ទ័ពជើងទឹក បានត្រៀមកម្លាំង១២០០នាក់ ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋនៅ តាមតំបន់ ដែល អាចប្រឈមនឹងទឹកភ្លៀង ជាពិសេសតំបន់ខ្លះនៃខេត្តកំពង់ស្ពឺ, ស្ទឹងត្រែង កំពង់ឆ្នាំង, រាជធានីភ្នំពេញ, តំបន់តាមមាត់សមុទ្រ, និងតាមបណ្តាកោះនានាជាដើម។
ឯកឧត្តមឧត្តមនាវីឯក ទៀ សុខា បានបញ្ជាក់ទៀតថា«កងទ័ពជើងទឹកបានត្រៀមធម្យោបាយសង្រ្គោះ ដែល មានសម្ភារដូចជា នាវា អូប័រ ទូក និងអាវប៉ូង ជាពិសេសទៅទៀតនោះគឺថ្នាំដង្កូវ គ្រូពេទ្យ កងទ័ពជើងទឹកដើម្បីចល័តចុះជួយសង្រ្គោះ បងប្អូនប្រជាពលរដ្ឋណាដែលជួបនូវគ្រោះទឹកជំនន់»។
ក្រៅពីត្រៀមនូវកម្លាំង និងធម្យោបាយនានា កងទ័ពជើងទឹកក៏បានត្រៀមនូវស្បៀងអាហារមួយចំនួន សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះនូវទឹកជំនន់ទាំងនោះផងដែរ ដើម្បីជួយ សម្រាល់ទុក្ខលំបាករបស់ពួកគាត់៕
Post a Comment