កម្ពុជាទទួលបានចំណូល ៣២៨លានដុល្លារ ពីការនាំចេញជ័រកៅស៊ូរយៈពេល៨ខែ
ភ្នំពេញ៖ អគ្គនាយកដ្ឋានកៅស៊ូបានឱ្យដឹងថា គិតចាប់ពីខែមករា ដល់ ខែសីហា ឆ្នាំ២០២៤ កម្ពុជាបាននាំចេញជ័រកៅស៊ូ ២០៩ ៧៣៣តោន និងទទួលចំណូលបានចំនួន ៣២៨ ៣១៨ ១៤១ដុល្លារអាមេរិក ។ ទិន្នន័យ៨ខែនេះដែរបង្ហាញពីកំណើនចំនួន ៤ ៥៦៥តោន ឬស្មើ ២ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។
ក្រៅពីជ័រកៅស៊ូ កម្ពុជាក៏បាននាំចេញឈើកៅស៊ូ ១៣ ៨៤៣ម៉ែត្រគូប ដោយទទួលបានចំណូល ២ ៦៨៣ ៨៩៧ដុល្លារ។ ដូច្នេះ ចំណូលនៃការនាំចេញទាំងពីរនេះ កើនឡើង ២១ភាគរយ ធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០២៣។
ប្រភពដដែលបន្តថា ដោយឡែកខែសីហានេះវិញ កម្ពុជាបាននាំចេញជ័រកៅស៊ូ ៣៥ ៨១៨តោន កើនឡើង ២ ៥៥៥តោន ស្មើ៧ភាគរយធៀបនឹងខែកក្កដា និងកើនឡើង ១ ៦១៩តោន ស្មើ៥ភាគរយ ធៀបនឹងឆ្នាំ២០២៣។ ចំណូលនៃការនាំចេញនេះមានតម្លៃ ៥៩ ៣១០ ៩៨០ដុល្លារ។ ក្នុងរយៈពេលដដែលនេះកម្ពុជាក៏បាននាំចេញឈើកៅស៊ូ ២ ៩៤១ម៉ែត្រគូប និងបានចំណូល ៥៩៥ ២៥១ដុល្លារ បន្ថែមផងដែរ។
គិតចាប់ពីខែមករារហូតមកជ័រកៅស៊ូមានតម្លៃជាមធ្យម ១ ៥៦៥ដុល្លារក្នុងមួយតោន គឺកើនឡើង ១៨០ដុល្លារ ក្នុងមួយតោនធៀបរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។
ទន្ទឹមគ្នានឹងរបាយការណ៍អំពីការនាំចេញកៅស៊ូត្រូវបានបញ្ចេញឱ្យដឹងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានខ្សែវីដេអូចំនួន២ដែលពាក់ព័ន្ធនឹងកៅស៊ូនេះដែរ ក្នុងនោះ ទី១.វីដេអូពីប្រវត្តិដំណាំកៅស៊ូនៅប្រទេសកម្ពុជា ដែលមានអាយុកាលជាង១០០ឆ្នាំមកហើយ និងវីដេអូទី២ និយាយពីដំណាំឧស្សាហកម្មនៅប្រទេសកម្ពុជាទៅថ្ងៃអនាគត។លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអះអាងថា ខ្សែវិដេអូទាំងពីរនេះក្រសួងនឹងត្រូវបញ្ចេញនៅព្រហស្បតិ៍ថ្ងៃទី១៩ ខែកញ្ញា។
សូមជម្រាបថា បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីកៅស៊ូ ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រ ៣២០ ១៨៤ហិកតា ស្មើ៧៨ភាគរយ និងផ្ទៃដីថែទាំ ៨៦ ៩៨៨ហិកតា ស្មើ២១ភាគរយ។ ផ្ទៃដីកៅស៊ូកសិឧស្សាហកម្ម ២២៦ ៨៤០ហិកតា ស្មើ ៥៥ភាគរយ និងផ្ទៃដីកៅស៊ូគ្រួសារ ១៨០ ៣៣២ហិកតា ស្មើ ៤៤ភាគរយ៕
Post a Comment