នាយឧត្តមសេនីយ៍ ស ថេត ប្រាប់អ្នកដឹកជញ្ជូនទំនិញ និងអាហារទាំងអស់ កុំទទួលបញ្ញើគ្រឿងញៀន និងអាវុធជាតិផ្ទុះ
ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អ្នកបើកបរផ្តល់សេវាដឹកជញ្ជូនទំនិញ និងអាហារទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសកុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម ដើម្បីកុំឲ្យមានការជាប់ពាក់ព័ន្ធទៅនឹងបទល្មើសទាំងអស់នេះ ពីព្រោះថាជាអំពើខុសច្បាប់។
នៅក្នុងពិធីសំណេះសំណាលជាមួយអ្នកបើកបរផ្តល់សេវាដឹកជញ្ជូនទំនិញ
និងអាហារ ព្រមទាំងផ្តល់ប័ណ្ណថ្លែងអំណរគុណ និងមួកសុវត្ថិភាពជាអនុស្សាវរីយ៍
នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ
បានមានប្រសាសន៍ក្រើនរំលឹកទៅដល់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកដឹកជញ្ជូនទាំងអស់
ត្រូវត្រួតពិនិត្យ
និងសាកសួរនូវប្រភពទំនិញទាំងឡាយណាដែលមានការសង្ស័យឲ្យបានច្បាស់លាស់
ដើម្បីចៀសវាងទៅនឹងការដឹកជញ្ជូនទំនិញខុសច្បាប់ដូចជា គ្រឿងញៀន អាវុធជាតិផ្ទុះ
និងរបស់បញ្ញើផ្សេងៗដែលខុសច្បាប់។ ពីព្រោះថាការដឹកជញ្ជូនរបស់បញ្ជើដែលខុសច្បាប់
វាអាចនាំឲ្យអ្នកដឹកជញ្ជូន មានការជាប់ពាក់ព័ន្ធទៅនឹងបទល្មើសនោះដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត
ក៏បានជំរុញ និងលើកទឹកចិត្តទៅដល់ក្រុមហ៊ុន និងអ្នកដឹកជញ្ជូនទាំងអស់
ត្រូវរាយការណ៍មកខាងសមត្ថកិច្ច នៅក្នុងករណីដែលសង្ស័យថាមានការដាក់បញ្ញើខុសច្បាប់
ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ
និងស្វែងរកនៅមុខសញ្ញាមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ
ក៏បានលើកឡើងពាក់ព័ន្ធបញ្ហាចរាចរណ៍ ដោយពិនិត្យឃើញថាកន្លងមក បងប្អូនអ្នកប្រកបរបរដឹកជញ្ចូនទំនិញ
និងម្ហូបអាហារមួយចំនួន តែងឧស្សាហ៍បើកបរលឿនៗ វ៉ាជែងល្មើសល្បឿន
និងបំពានសិទ្ធិអាទិភាពអ្នកបើកបរដទៃ
ដែលកត្តាទាំងនេះបានជះនូវឥទ្ធិពលអាក្រក់ដល់របៀបរៀបរយលើដងផ្លូវសាធារណៈ
ពិសេសទទួលរងនូវការរិះគន់ច្រើនពីសំណាក់ប្រជាពលរដ្ឋដែលបានឃើញផ្ទាល់ និងតាមបណ្តាញសង្គមជាដើម
។
ក្នុងន័យនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត
បានណែនាំឱ្យបងប្អូនគោរពច្បាប់ និងគិតពីអាយុជីវិតផ្ទាល់ខ្លួនជារឿងសម្ខាន់
និងអាទិភាពចំពោះមុខ ។ សូមបងប្អូនកុំគិតតែការចង់បំពេញឱ្យទាន់ចិត្តចង់បានរបស់អតិថិជន
ហើយភ្លេចគិតពីផលប៉ះពាល់ដល់ខ្លួនឯង ។
បើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក
ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនការងារចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ
បានឱ្យដឹងថា ក្នុង០៨ខែដើមឆ្នាំ២០២៤នេះ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ
កើតឡើងដល់៥៩១ករណី ដែលបានឆក់យកអាយុជីវិតមនុស្សសរុប១៧៣នាក់ ។ ដែលក្នុង៥៩១ករណី មាន៦០ភាគរយកើតឡើងដោយសារការល្មើសល្បឿន
និង៤០ភាគរយ បើកបរដោយធ្វេសប្រហែសមិនគោរពច្បាប់៕
Post a Comment