មន្រ្តីយោធាជាន់ខ្ពស់ចិន ព្រមានកម្ទេចការទន្ទ្រានរបស់បរទេស ក្នុងតំបន់សមុទ្រចិនខាងត្បូង

 ប្រភព៖ AFP

ប៉េកាំង៖ ថ្លែងនៅក្រៅវេទិកាការពារជាតិមួយ មន្រ្តីយោធាជាន់ខ្ពស់របស់ទីក្រុងប៉េកាំង បាននិយាយថា ប្រទេសចិននឹងកម្ទេច រាល់ការទន្រ្ទានរបស់បរទេស មកលើទឹកដីអធិបតេយ្យរបស់ខ្លួន នៅតំបន់សមុទ្រចិនខាងត្បូង។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន អំឡុងវេទិកា Xiangshan ស្តីពីវិស័យការពារជាតិ ឧត្តមសេនីយនៃកងទ័ពចិន លោក He Lei បាននិយាយ​យ៉ាងដូច្នេះថាយើងសង្ឃឹមថា សមុទ្រចិនខាងត្បូង នឹងបន្តជាដែនសមុទ្រសន្តិភាព។ ប៉ុន្តែប្រសិនបើសហរដ្ឋអាមេរិក បញ្ជាកូនអុកខ្លួននៅពីក្រោយខ្នង ឬប្រសិនបើអាមេរិករុញច្រានប្រទេសដទៃទៀត ឱ្យមកកាន់ខ្សែបន្ទាត់ជួរមុខ ឬមួយក៏ អាមេរិកខ្លួនឯងផ្ទាល់ ហ៊ានមកដល់​ខ្សែបន្ទាត់ជួរមុខ នោះពួកយើងនៅក្នុងកងទ័ពរំដោះប្រជាជនចិន នឹងមិនមានការអត់ធ្មត់ណាមួយឡើយ។

លោក He បានបន្តថាយោធាចិននឹងកម្ទេច រាល់ការទន្ទ្រានបង្កអរិភាពរបស់បរទេស មកលើបូរណភាពទឹកដី អធិបតេយ្យ ក៏ដូចជាសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្រ​របស់ចិន ជាមួយការតាំងចិត្តនិងឆន្ទៈយ៉ាងមុះមុត ព្រមទាំងសមត្ថភាពរឹងមាំ និងមធ្យោបាយយ៉ាងមានប្រសិទ្ធភាព៕



Powered by Blogger.