គណបក្សប្រជាជនកម្ពុជា ចាត់ទុកការដាក់ទណ្ឌកម្មលើ លោកឧកញ៉ា លី យ៉ុងផាត់ គឺជាការរំលោភបំពានអធិបតេយ្យរបស់កម្ពុជា
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានចាត់ទុកការដាក់ទណ្ឌកម្មលើលោកឧកញ៉ា លី យ៉ុងផាត់ គឺជាការរំលោភបំពាន លើអធិបតេយ្យរបស់ប្រទេសកម្ពុជា ដែលជាប្រទេសឯករាជ្យមួយ។
នៅក្នុងសេចក្តីថ្លែងការណ៍គណបក្សប្រជាជនកម្ពុជាបានចាត់ទុកថា ការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់
និងដោយអយុត្តិធម៌ ពីបទជាប់ពាក់ព័ន្ធនឹងពលកម្មដោយបង្ខំ និងបទល្មើសបច្ចេកវិទ្យា (Cyber Crime) ផ្សេងៗនោះ គឺមានលក្ខណៈជានយោបាយ ដោយប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង
ដើម្បីកែលម្អទំនាក់ទំនងទ្វេភាគី។ ម្យ៉ាងទៀត ការដាក់ទណ្ឌកម្មលើ លោកឧកញ៉ា លី យ៉ុងផាត់
គឺជាការរំលោភបំពាន លើអធិបតេយ្យរបស់ប្រទេសកម្ពុជា ដែលជាប្រទេសឯករាជ្យមួយ
ដែលពុំស្ថិតនៅក្រោមច្បាប់របស់សហរដ្ឋអាមេរិកឡើយ។ ការដាក់ទណ្ឌកម្មនេះ
គឺជាការរំលោភសិទ្ធិមនុស្ស និងរំលោភលើបុគ្គលភាពប៉ះពាល់ដល់កិត្តិយស
និងសេចក្តីថ្លៃថ្នូររបស់លោក លី យ៉ុងផាត់ ដែលបានរួមចំណែកដ៏សំខាន់
ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធការបង្កើតការងារ
និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។
គណបក្សប្រជាជនកម្ពុជា
ច្រានចោលយ៉ាងដាច់ខាតនូវសេចក្តីសម្រេចរបស់ក្រសួងរតនាគារសហរដ្ឋ អាមេរិក ដែលទង្វើនេះ
បំពានដល់ការគោរពនូវគោលការណ៍ នៃទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ ដែលផ្អែកលើច្បាប់
អន្តរជាតិ ពិសេសការគោរពអធិបតេយ្យ ឯករាជ្យ
និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា។
ជាមួយគ្នានេះគណបក្សប្រជាជនកម្ពុជា
ស្នើដ៏ទទូចឱ្យក្រសួងរតនាគារសហរដ្ឋអាមេរិក ពិចារណាឡើងវិញលើករណី ដ៏អយុត្តិធម៌នេះ
ហើយលុបចោលការដាក់ទណ្ឌកម្មលើ លោកឧកញ៉ា លី យ៉ុងផាត់
និងទ្រព្យសម្បត្តិធ្វើអាជីវកម្មទាំងអស់របស់លោក៕
Post a Comment