អភិបាលខេត្តស្ទឹងត្រែងកោតសរសើរពីកិច្ចសហការរវាងអង្គការដៃគូជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងការអភិរក្សធនធានធម្មជាតិក្នុងស្រុកសៀមប៉ាង
អត្ថបទ៖ ម៉ាវិន
ខេត្តស្ទឹងត្រែង៖ នៅក្នុងជំនួបជាមួយប្រតិភូអង្គការអភិរក្សសៀមប៉ាងនិងក្រុមហ៊ុនរ៉ាយស៊ីងហ្វូនិក ក្នុងសាលសវនាការសាលាខេត្ត កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត បានកោតសរសើរពីអង្គការដៃគូ ជាពិសេសអង្គការអភិរក្សសៀមប៉ាង និងក្រុមហ៊ុនរ៉ាយស៊ីងហ្វូនិក ជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងការអភិរក្សធនធានធម្មជាតិក្នុងស្រុកសៀមប៉ាង ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ថ្វីត្បិតខេត្តស្ទឹងត្រែង ជាខេត្តមួយដែលមានសក្តានុពលធនធានធម្មជាតិដ៏ច្រើនសំបូរបែប ប៉ុន្តែដោយសារជនមួយក្តាប់តូច បានធ្វើឱ្យខេត្តប្រែក្លាយទៅជាអាប់អួរពោរពេញទៅដោយបទល្មើស ។
ឯកឧត្តមក៏បានលើកទឹកចិត្តដល់អង្គការអភិរក្សសៀមប៉ាង និងក្រុមហ៊ុនរ៉ាយស៊ីងហ្វូនិក អនុវត្តការងារឱ្យស្របទៅនឹងច្បាប់ ជាពិសេសត្រូវធ្វើការដោយមានកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងរៀបចំរបាយការណ៍ពាក់ព័ន្ធនានាដាក់ចូលអាជ្ញាធរខេត្តដើម្បី ឱ្យអាជ្ញាធរបានដឹងពីដំណើរបេសកកម្ម ផែនការសកម្មភាព ចក្ខុវិស័យ និងកិច្ចសហការល្អជាមួយគ្នា ។
លោក ម៉េង ហៀង ប្រធានអង្គការអភិរក្សសៀមប៉ាង បានសុំអនុសាសន៍បន្ថែម ពីឯកឧត្តមអភិបាលខេត្តក្នុងគោលបំណងបង្កើនប្រសិទ្ធភាព និងសមិទ្ធផល លើការងារអភិរក្សផ្សារភ្ជាប់នឹងការអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ នៅតំបន់ដែនជម្រកសត្វព្រៃសៀមប៉ាង។
គ្រានោះ លោកក៏បានបង្ហាញអំពីសកម្មភាពការងារ ក៏ដូចជាដៃគូប្រតិបត្តិដែលបាននឹងកំពុងធ្វើសកម្មភាពអភិរក្សនៅតំបន់ដែនជម្រកសត្វព្រៃសៀមប៉ាង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចគាំពារបរិស្ថាន ការការពារ និងអភិរក្សធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះនិងសត្វព្រៃ ក្នុងគោលដៅរួមចំណែកអភិវឌ្ឍន៍សកម្មភាពទេសចរណ៍ធម្មជាតិ ផ្សារភ្ជាប់នឹងទឹកដី ដោយឈរលើគោលការណ៍« សមធម៌សម្រាប់ឧត្តមប្រយោជន៍ជាតិ និងប្រជាសហគមន៍ក្នុងមូលដ្ឋាន»៕
Post a Comment