មនុស្សជំនិតលោក ពូទីន ព្រមានលោកខាងលិច ពីសង្រ្គាមនុយក្លេអ៊ែរ ជុំវិញបញ្ហាអ៊ុយក្រែន
ប្រភព៖ Reuters
មូស្គូ៖ មនុស្សជំនិតម្នាក់របស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានចេញមុខព្រមានចំពោះ រដ្ឋាភិបាលលោកខាងលិចថា សង្រ្គាមនៃអាវុធនុយក្លេអ៊ែរច្បាស់ជានឹងផ្ទុះឡើង ប្រសិនបើពួកគេផ្តល់ភ្លើងបៃតង ឱ្យអ៊ុយក្រែនអាចប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់លោកខាងលិច វាយប្រហារលើគោលដៅ ដែលស្ថិតនៅជ្រៅក្នុងទឹកដីប្រទេសរុស្ស៉ី។
កាលពីសប្តាហ៍មុន
លោក ពូទីន ផ្ទាល់ ក៏បានព្រមានដែរថា ប្រសិនបើលោកខាងលិចហ៊ានផ្តល់ភ្លើងបៃតង
នោះពួកគេនឹងត្រូវធ្វើសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៉ី។ សង្រ្គាមនៅអ៊ុយក្រែន
បានបង្កការប្រឈមមុខដាក់គ្នាយ៉ាងធំមិនធ្លាប់មាន រវាងរុស្ស៉ីនិងលោកខាងលិច
គិតចាប់តាំងពីវិបត្តិមីស៉ីលគុយបាឆ្នាំ១៩៦២ ដែលត្រូវបានចាត់ទុកជាពេលមួយ
ដែលកំពូលមហាអំណាច សម័យសង្រ្គាមត្រជាក់ទាំងពីរ គឺសហរដ្ឋអាមេរិកនិងអតីតសហភាពសូវៀត
(រុស្ស៉ី) ខិតជិតបំផុតទៅរកការផ្ទុះសង្រ្គាមនុយក្លេអ៊ែរ។
លោក Vyacheslav Volodin ប្រធានរដ្ឋសភារុស្ស៉ី
និងជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខរបស់លោក ពូទីន បានលើកឡើងដូចខាងលើ
ជាការឆ្លើយតបចំពោះ ការបោះឆ្នោតមួយ នៅសភាសហភាពអឺរ៉ុប ដែលមានគោលដៅទទូចឱ្យក្រុមប្រទេស
EU ផ្តល់ការអនុញ្ញាតបែបនោះ ដល់ទីក្រុងកៀវ។ លោក Volodin
បាននិយាយថា អ្វីដែលសភាអឺរ៉ុបកំពុងអំពាវនាវ
គឺនឹងនាំទៅរកសង្រ្គាមលោក ដែលមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
លោក Volodin បាននិយាយថា ក្រុមប្រទេសអឺរ៉ុប គួរតែយល់ឱ្យច្បាស់ថា
វានឹងចំណាយពេលត្រឹមតែ៣នាទី និង២០វិនាទីប៉ុណ្ណោះ
ដើម្បីឱ្យមីស៉ីលបាលិស្ទីគអន្តរទ្វីប RS-28 Sarmat ឬ Satan
II របស់រុស្ស៉ី អាចវាយប្រហារដល់ទីក្រុង Strasbourg នៅប្រទេសបារាំង ដែលជាទីស្នាក់ការកណ្តាលរបស់សភាអឺរ៉ុប៕
Post a Comment