កម្ពុជា-កូរ៉េ ដាក់ឲ្យដំណើរការជាផ្លូវការ គម្រោងទូទាត់ឆ្លងដែនតាម QR Code

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានសហការជាមួយ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក PPCBank និង ធនាគារ Jeonbuk សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការគម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ដំណាក់កាលទី១ រវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក KIM Tae Hyun នាយកប្រតិបត្តិរងនៃធនាគារ Jeonbuk ព្រមទាំងលោក LEE Jin Youngនាយកប្រតិបត្តិនៃធនាគារភ្នំពេញ ពាណិជ្ជ ម.ក នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ 

តាមរយៈគម្រោងដំណាក់កាលទី១ ភ្ញៀវអន្តរជាតិមកពីសាធារណរដ្ឋកូរ៉េដែលមកកម្សាន្តនៅកម្ពុជាអាចប្រើប្រាស់កម្មវិធីធនាគារតាមទូរសព្ទ (JBB Mobile App) របស់ធនាគារ Jeonbuk ដើម្បីស្កេនទូទាត់នៅតាមហាងទំនិញដែលមានស្លាកសញ្ញា ខេអេចឃ្យូអរកូត គណនីប្រាក់រៀល។

ដំណើរការគម្រោងនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុរបស់ប្រទេសទាំងពីរឱ្យឈានខ្ពស់ថែមមួយកម្រិតទៀត ព្រមទាំងរួមចំណែកជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ក៏ដូចជាលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា៕






 

Powered by Blogger.