អ៊ីស្រាអែល អះអាងពីការសម្លាប់មេបញ្ជាការក្រុម Jihad ប្រចាំតំបន់ West Bank

 ប្រភព៖ Reuters

ហ៊្សេរុយសាឡិម៖ កងទ័ពអ៊ីស្រាអែល បានសម្លាប់មេបញ្ជាការប្រចាំតំបន់ម្នាក់របស់ក្រុម Jihad ដែលជាចលនាប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ នៅតំបន់ West Bank និងក្រុមសកម្មប្រយុទ្ធ ៤នាក់ផ្សេងទៀត នៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

ក្រុម Jihad បានឱ្យដឹងថា លោក Muhhamad Jabber ដែលគេស្គាល់ថា Abu Shujaa ប្រធានបណ្តាញអ្នកប្រយុទ្ធនៃជំរំជនភៀសខ្លួន Nur Shams បានស្លាប់អំឡុងការបាញ់បោះដាក់គ្នា នៅជុំវិញវិហារឥស្លាមមួយ ក្នុងទីក្រុង Tulkarm។ យុទ្ធជនប៉ាឡេស្ទីន ៤នាក់ផ្សេងទៀត ក៏ត្រូវបានសម្លាប់ផងដែរ។

កងទ័ពអ៊ីស្រាអែលរាប់រយនាក់ ដោយប្រើឧទ្ធម្ភាគចក្រ ដ្រូន និងរថពាសដែក បានវាយឆ្មក់ចូលទីប្រជុំជនក្នុងទីក្រុង Tulkarm, Jenin និងតំបន់ជ្រលងភ្នំ Jordan កាលពីថ្ងៃពុធ។ បណ្តាញរបស់ក្រុម Jihad នៅទីក្រុង Tulkarm បានទទួលស្គាល់ការស្លាប់របស់ Abu Shujaa ហើយថាក្រុមអ្នកប្រយុទ្ធរបស់ខ្លួន បានវាយប្រហារលើកងកម្លាំងអ៊ីស្រាអែល នៅជិតវិហារ Abu Ubaida

ការប៉ះទង្គិចគ្នានៅ West Bank កាន់តែកើនមានឡើង បន្ទាប់ពីផ្ទុះសង្រ្គាមហ្កាហ្សា។ មនុស្សជាង ៦៦០នាក់ ដែលជាអ្នកប្រយុទ្ធ និងជនស៊ីវិលផងនោះត្រូវបានសម្លាប់ ដោយខ្លះជាអ្នកតាំងលំនៅអ៊ីស្រាអែល ដែលបានធ្វើសកម្មភាពវាយប្រហារញឹកញាប់លើសហគមន៍ប៉ាឡេស្ទីន៕



 

Powered by Blogger.