លោក អុី សុខឡេង ដឹកនាំកិច្ចប្រជុំដោះស្រាយបណ្តឹងតវ៉ាការចុះវាស់វែងប្រមូលទិន្នន័យក្បាលដី

អត្ថបទ៖ ទឹង សុភាព

ខេត្តព្រះសីហនុ៖ លោក អុី សុខឡេង អភិបាលរងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំធ្វើការដោះស្រាយបណ្តឹងតវ៉ាចំនួន ៣ ករណី រវាងឈ្មោះ ថ្លាន់ សុភាព , ឈ្មោះ លឹម ហួរ និងឈ្មោះ ហុិន គៀវ ដែលបានប្តឹងទាស់ការចុះវាស់វែងប្រមូលទិន្នន័យក្បាលដីលក្ខណៈជាប្រព័ន្ធ និងចេញប័ណ្ណកម្មសិទ្ធិចំនួន ១៦០ ក្បាលដី ស្ថិតនៅភូមិ១ និងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បន្ទាប់ពីប្រើរយៈពេល ៧ម៉ោង ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល ក្នុងការប្រជុំសម្របសម្រួលដោះស្រាយ ដោយផ្អែកលើគោលការណ៍ឈ្នះៗ ជាលទ្ធផលភាគីអ្នកប្តឹងគឺ ឈ្មោះ ថ្លាន់ សុភាព, ឈ្មោះ លឹម ហួរ និងឈ្មោះ ហុិន គៀវ បានឯកភាពយល់ព្រមដកពាក្យបណ្ដឹង ធ្វើឲ្យការដោះស្រាយទទួលបានជោគជ័យ និងអាចបន្តនីតិវិធីក្នុងការចេញប័ណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋទាំង ១៦០ ក្បាលដី។

ប្រជាពលរដ្ឋសូមថ្លែងអំណរគុណដល់លោក អុី សុខឡេង អភិបាលរងខេត្តព្រះសីហនុ ដែលបានជួយដោះស្រាយ រហូតឈានទៅរកការបញ្ចប់ទំនាស់ទទួលបានជោគជ័យ ដើម្បីឲ្យពួកគាត់ទទួលបានកម្មសិទ្ធិស្របច្បាប់៕








Powered by Blogger.