ក្រសួងសាធារណការត្រៀមធ្វើតេស្តរកសារធាតុញៀនលើមន្រ្តីនៅក្នុងក្របខណ្ឌក្រសួង
ភ្នំពេញ៖ នាថ្ងៃចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ឯកឧត្តម ប៊ុន សុផាត អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សា អំពីដំណើរការសម្រាប់ការរៀបចំយុទ្ធនាការធ្វើតេស្តរកសារធាតុញៀន នៅក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួម ពីសមាជិកក្រុមការងារពាក់ព័ន្ធទាំងអស់។
កិច្ចប្រជុំនេះ
រៀបចំឡើងក្នុងគោលបំណងពិនិត្យលើរបៀបនៃការរៀបចំ បែបបទ នីតិវិធី
និងរំហូរការងាររបស់ក្រុមការងារជំនាញទទួលបន្ទុកតាមផ្នែកដែលត្រូវបានបង្កើតឡើង
ព្រមទាំងការណែនាំចែករំលែកបន្ថែម អំពីបទពិសោធន៍ដែលធ្លាប់បានអនុវត្តនារយៈពេលកន្លងមក
ដើម្បីធានាឱ្យដំណើរការរៀបចំធ្វើតេស្តរកសារធាតុញៀន អាចដំណើរការទៅបានរលូន
និងមានប្រសិទ្ធភាពខ្ពស់។ ក្រោយពីបញ្ចប់កិច្ចប្រជុំ
ក្រុមការងារក៏បានអញ្ជើញទៅពិនិត្យទីតាំងផ្ទាល់តែម្តង ដែលគ្រោងរៀបចំនៅសាលប្រជុំធំ
នៃទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។
សូមជម្រាបជូនផងដែរថា
យុទ្ធនាការធ្វើតេស្តរកសារធាតុញៀននៅក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន
គ្រោងនឹងរៀបចំឡើងរយៈពេល ៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១០-១១-១២ ខែកក្កដា ឆ្នាំ២០២៤
ខាងមុខនេះ៕




Post a Comment