ឧបនាយករដ្ឋមន្ត្រី ស សុខា ជំរុញឲ្យអភិបាលខេត្តស្ទឹងត្រែងថ្មី ចូលរួមសហការឲ្យបានល្អប្រសើរ ដើម្បីឈានសម្រេចបានការអភិវឌ្ឍខេត្តឲ្យកាន់តែរីកចម្រើន
អត្ថបទ៖ ម៉ាវិន
ខេត្តស្ទឹងត្រែង៖ មានប្រសាសន៍នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានជំរុញដល់អភិបាលខេត្តថ្មីដែទើបចូលកាន់មុខតំណែង ចូលរួមសហការឲ្យបានល្អប្រសើរជាមួយប្រធានក្រុមប្រឹក្សាខេត្តរួមនឹងមន្ត្រីរាជការគ្រប់មន្ទីរអង្គភាពក្នុងខេត្ត ដើម្បីឈានទៅសម្រេចបានការអភិវឌ្ឍខេត្ត និងរក្សាបាននូវសណ្តាប់ធ្នាប់និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានស្នើសុំឲ្យក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តទាំងអស់ ថ្នាក់ដឹកនាំមន្ត្រីរាជការក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធទាំងអស់ និងប្រជាពលរដ្ឋទូទាំងខេត្តស្ទឹងត្រែង សូមបន្តការគាំទ្រនិងការចូលរួមជាមួយអភិបាលខេត្តថ្មីដើម្បីបន្តចូលរួមរក្សាសន្តិភាព ស្ថេរភាពនយោបាយសន្តិសុខសណ្តាប់ធ្នាប់ និងការអភិវឌ្ឍខេត្ត ឱ្យកាន់តែមានភាពរីកចម្រើនដើម្បីចូលរួមចំណែកចក្ខុវិស័យកម្ពុជា២០៥០ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
សូមបញ្ជាក់ថា៖យោងព្រះរាជក្រឹត្យត្រាស់បង្គាប់ ឯកឧត្តម សរ សុពុត្រា ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៤ ពីអភិបាលរងខេត្តកំពង់ស្ពឺ តែងតាំងជាអភិបាលខេត្តស្ទឹងត្រែង ជំនួសឯកឧត្តម ស្វាយ សំអ៊ាង ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕
Post a Comment