មន្ត្រីរាជការ កងកម្លាំង និងយុវជនសិស្សានុសិស្សជាង ៥០០នាក់ នៅស្រុកកោះញែក ទទួលបានចំណេះដឹងស្តីពីគ្រឿងញៀន

 អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី ៖ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រសួងអធិការកិច្ច បានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នៅបរិវេណសាលាស្រុកកោះញែក។

ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពរបស់ លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច និង ឯកឧត្តម ឯម ហយ ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមានការអញ្ជើញចូលរួមពី លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី ដោយមានការសម្របសម្រួលដោយមន្ទីរអធិការកិច្ចខេត្តមណ្ឌលគិរី និងមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក និងសិស្សានុសិស្ស សរុបប្រមាណជិង ៥០០នាក់ ។

លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី បានមានប្រសាសន៍ឡើងថា រដ្ឋបាលខេត្តមណ្ឌលគិរីតែងតែចាត់ទុកបញ្ហាគ្រឿងញៀនជាអាទិភាពចម្បងដែលត្រូវរួមគ្នាបង្ការ និងទប់ស្កាត់។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអធិការកិច្ច និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបាននាំយកកម្មវិធីអប់រំច្បាប់ដ៏មានតម្លៃនេះមកដល់ស្រុកកោះញែក។ លោកអភិបាលរងបានសង្កត់ធ្ងន់ថាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នឹងបន្តពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបោសសម្អាត និងទប់ស្កាត់រាល់បទល្មើសគ្រឿងញៀននៅតាមមូលដ្ឋាន។ យើងត្រូវការការចូលរួមពីលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសហគមន៍ទាំងមូល ដើម្បីបង្កើតជាំរបងការពារដ៏រឹងមាំមួយសម្រាប់កូនចៅយើង។

ឯកឧត្តម ឯម ហយ ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានលើកឡើងពីទិដ្ឋភាពច្បាប់ និងបទពិសោធន៍ជាក់ស្តែងនានា ព្រមទាំងវិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ចំពោះអ្នកជួញដូរ និងចែកចាយគ្រឿងញៀន ព្រមទាំងការផ្តល់ឱកាសព្យាបាល និងស្តារនីតិសម្បទាសម្រាប់អ្នកដែលវង្វេងស្មារតីជួបប្រទះបញ្ហានេះ។

លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច មានប្រសាសន៍ថា ពិធីផ្សព្វផ្សាយដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងស្របតាមយុទ្ធសាស្ត្រ «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ដែលតម្រង់ទិសលើការពង្រឹងកម្មវិធីអប់រំស្តីពីអភិបាលកិច្ច និងបញ្ហាច្បាប់ដល់សាធារណជន និងភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការយល់ដឹងស៊ីជម្រៅ និងការចូលរួមទប់ស្កាត់គ្រឿងញៀននៅតាមមូលដ្ឋាន។


លោកជំទាវមានប្រសាសន៍បន្តថា ការជួបជុំគ្នានាពេលនេះ គឺជាយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការការពារសុខុមាលភាព និងអនាគតរបស់យុវជនយើង។ លោកជំទាវបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ និងជាពិសេសក្មួយៗយុវជនសិស្សានុសិស្សទាំងអស់ ឱ្យចៀសឱ្យឆ្ងាយពីគ្រឿងញៀន ដោយសារគ្រឿងញៀនមិនត្រឹមតែបំផ្លាញអាយុជីវិតផ្ទាល់ខ្លួន និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញកម្លាំងពលកម្ម និងការអភិវឌ្ឍសង្គមជាតិទាំងមូលផងដែរ។ លោកជំទាវបានអំពាវនាវដល់យុវជនគ្រប់រូបត្រូវប្រែក្លាយខ្លួនជា អ្នកនាំសារ ក្នុងការផ្សព្វផ្សាយពីផលវិបាកនៃគ្រឿងញៀនដល់មិត្តភក្តិ និងសហគមន៍របស់ខ្លួន។

នៅក្នុងកម្មវិធីនោះដែរ ក៏មានវេទិកាសំណួរ-ចម្លើយ និងការចូលរួមឆ្លើយបំភ្លឺយ៉ាងក្បោះក្បាយពីវាគ្មិនជំនាញ រួមមានមន្ត្រីជំនាញពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អ្នកជំនាញផ្នែកច្បាប់នៃក្រសួងអធិការកិច្ច និងលោកស្នងការរងស្តីទីទទួលផែនប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។ ការបកស្រាយផ្តោតលើទិដ្ឋភាពច្បាប់ ទោសទណ្ឌជាក់ស្តែង និងវិធីសាស្ត្រក្នុងការការពារខ្លួនពីការទាក់ទាញដោយមិនដឹងខ្លួនចូលទៅក្នុងពិភពគ្រឿងញៀន៕









 

Powered by Blogger.