ព្រះមហាក្សត្រ ៖ សម្តេចតេជោ កំពុងដឹកនាំព្រឹទ្ធសភាសម្រេចស្នាដៃ និងសមិទ្ធផលធំៗ ជូនជាតិ
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថនរោត្តម សីហមុនីព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូល ថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បាននិងកំពុងដឹកនាំព្រឹទ្ធសភាសម្រេច បានស្នាដៃ និងសមិទ្ធផលធំៗជាបន្តបន្ទាប់ ។
ក្នុងព្រះរាជសារជូនសម្តេចតេជោ នៃខួបចម្រើនជន្មាយុ របស់សម្តេចនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ព្រះមហាក្ស មានព្រះរាជបន្ទូល កោតសរសើរវីរភាព ដ៏ឧត្តុង្គឧត្តម និងគុណបំណាច់ដ៏ថ្លៃថ្លា របស់សម្តេច ដែលមាន ឆន្ទៈមោះមុតស្នេហាជាតិ ដ៏ឆ្នើមជាទីបំផុត បានលះបង់ កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និង ប៉ិនប្រសប់ ក្នុងការលើកស្ទួយកិត្យានុភាពជាតិ តាមរយៈការបំពេញ ភារកិច្ចដ៏ឧត្តុង្គឧត្តមដឹកនាំកសាង និងការពារជាតិ ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ឯកភាពជាតិ ពេញលេញ សាមគ្គីភាពជាតិជាធ្លុងមួយ ទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ រីកចម្រើនរុងរឿងយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ ជាពិសេស ក្នុងព្រះបរមនាមនៃព្រះអង្គ សម្តេចអគ្គមហាសេនាបតីតេជោ បានទទួលជួយកិច្ចការ ដ៏ឧត្តុង្គឧត្តមជាច្រើន ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពេលអវត្តមាន ព្រះអង្គទៅពិនិត្យព្រះរាជសុខភាពនៅសាធារណរដ្ឋប្រជាមានិតចិន។ ព្រះមហាក្សត្រមានព្រះរាជបន្ទូលបន្តថា លើសពីនេះទៅទៀត សម្តេចអគ្គមហាសេនាបតីតេជោ បាននិងកំពុងដឹកនាំព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូល នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវស្នាដៃ និងសមិទ្ធផលធំៗជាបន្តបន្ទាប់ជូនជាតិ ព្រមទាំងទទួលបាននូវកិត្តិនាមល្បីរន្ទឺទាំងនៅលើឆាកជាតិ និងអន្តរជាតិ៕


Post a Comment