មូលនិធិគន្ធបុប្ផាកម្ពុជា បាននឹងកំពុងសាងសង់អគារថ្មី ៦ជាន់ ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រែរួមគ្នា
ភ្នំពេញ៖ បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា រួមជាមួយការណែនាំផ្ទាល់ពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា, អគារថ្មីកម្ពស់ ៦ជាន់ ក្នុងបរិវេណមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ ត្រូវបានចាប់ផ្ដើមសាងសង់។
ការសាងសង់អគារនេះ
មានគោលបំណងសំខាន់ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង សម្រួលដល់ការពិនិត្យ
និងព្យាបាលទារក និងកុមារ ក៏ដូចជាកាត់បន្ថយអត្រាខ្ពស់នៃការប្រើប្រាស់គ្រែរួមគ្នា
ដែលជាបញ្ហាប្រឈមមួយរបស់មន្ទីរពេទ្យ។
អគារថ្មីនេះមានសមត្ថភាពផ្ទុកគ្រែបានចំនួនប្រមាណ ២០០បន្ថែមទៀត លើគ្រែចំនួន ២ ១៦១
ដែលមន្ទីរពេទ្យគន្ធបុប្ផាមានបច្ចុប្បន្ន។
គិតត្រឹមពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ
ការសាងសង់អគារនេះសម្រេចបាន ៥% ហើយ។ មូលនិធិគន្ធបុប្ផានឹងបន្តបង្ហាញអំពីវឌ្ឍនភាពនៃការសាងសង់ជូនសប្បុរសជន
និងសាធារណជនជាបន្តបន្ទាប់។ រាល់ការបរិច្ចាគថវិកា ក្នុងស្មារតី «ខ្មែរជួយខ្មែរ» សុទ្ធតែមានតម្លៃដ៏ធំធេង
ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា
ក្នុងការបន្តបេសកកម្មជួយសង្រ្គោះជីវិតទារក និងកុមារកម្ពុជា ក៏ដូចជាសេវាសម្ភពដោយឥតគិតថ្លៃ
ប្រកបដោយគុណភាព និងមិនមានការរើសអើង៕





Post a Comment