អភិបាលខេត្តកែប៖ ការប្រគេនទៀនព្រះវស្សា ជាការលើកស្ទួយព្រះពុទ្ធសាសនា និងថែរក្សាប្រពៃណីជាតិ

 អត្ថបទ៖ ទ្រី ហៀន

ខេត្តកែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែបបានលើកឡើងថា ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាន មិនត្រឹមជាប្រពៃណីដ៏ល្អរបស់ប្រជាពលរដ្ឋខ្មែរដែលបានអនុវត្តតាំងពីបុរាណកាលមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកលើកស្ទួយព្រះពុទ្ធសាសនា បណ្តុះគុណធម៌ សីលធម៌ និងពង្រឹងសាមគ្គីភាពក្នុងសង្គម ដែលជាមូលដ្ឋានសម្រាប់ការរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។

ថ្លែងក្នុងពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង ១៧ ទូទាំងខេត្តកែប នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានមានប្រសាសន៍ថា ពិធីប្រគេនទៀនព្រះវស្សា គឺជាវប្បធម៌ និងប្រពៃណីដ៏ផូរផង់របស់ជាតិខ្មែរ ដែលពុទ្ធបរិស័ទបានប្រតិបត្តិបន្តគ្នាជាយូរលង់ ក្នុងគោលបំណងទំនុកបម្រុងព្រះសង្ឃដែលគង់ចាំព្រះវស្សាស្របតាមពុទ្ធប្បញ្ញត្តិ និងបង្ហាញពីសទ្ធាជ្រះថ្លាចំពោះព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ឯកឧត្តមបណ្ឌិតបានបន្តថា ព្រះពុទ្ធសាសនា គឺជាមូលដ្ឋានសំខាន់ក្នុងការអប់រំមនុស្សឱ្យប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ការអធ្យាស្រ័យ និងការរស់នៅដោយសុខដុមរមនា។ ដូច្នេះ ការចូលរួមថែរក្សា គាំទ្រ និងលើកស្ទួយព្រះពុទ្ធសាសនា គឺជាកាតព្វកិច្ចរួមរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋគ្រប់រូប ដើម្បីរួមចំណែកកសាងធនធានមនុស្សប្រកបដោយគុណភាព និងសង្គមមួយដែលមានសុខសន្តិភាព និងសីលធម៌។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ក៏បានអំពាវនាវដល់មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ បន្តរួមគ្នាអភិរក្ស និងលើកស្ទួយព្រះពុទ្ធសាសនា ព្រមទាំងប្រកាន់ខ្ជាប់ការធ្វើអំពើល្អ រស់នៅដោយសីលធម៌ សាមគ្គីភាព និងការគោរពអធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍខេត្តកែបឱ្យកាន់តែរីកចម្រើន៕

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា សោម ពិសិដ្ឋ ព្រមទាំងថ្នាក់ដឹកនាំខេត្ត បានអញ្ជើញប្រគេនទៀនព្រះវស្សា បច្ច័យ និងទេយ្យទាន មានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងបរិក្ខារចាំបាច់ផ្សេងៗ ជូនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តទាំង ១៧ ក្នុងខេត្ត សម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលគង់ចាំព្រះវស្សាអស់កាលត្រីមាស៕








 

Powered by Blogger.