ប្រមុខ UN អំពាវនាវឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បញ្ឈប់ការវាយប្រហារដាក់គ្នា
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារដាក់គ្នាក្នុងសង្រ្គាមនៅមជ្ឈិមបូព៌ា ហើយត្រឡប់ទៅចាប់ផ្ដើមកិច្ចចរចាឡើងវិញដើម្បីបិទបញ្ចប់សង្រ្គាម។
នៅថ្ងៃអាទិត្យ
ទី១២ ខែកក្កដា ឆ្នាំ២០២៦ យោធាអាមេរិក បានប្រកាសឱ្យដឹងថា
ខ្លួនបានបើកការវាយប្រហារជុំថ្មីទៀតលើប្រទេសអ៊ីរ៉ង់ បន្ទាប់ពីឆ្មាំបដិវត្តន៍អ៊ីរ៉ង់
(IRGC) បានវាយប្រហារកប៉ាល់ដឹកទំនិញមួយគ្រឿងទៀត ដែលធ្វើដំណើរតាមច្រកសមុទ្រ Hormuz។ អរិភាពបានផ្ទុះឡើងវិញក្នុងសប្តាហ៍នេះ រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់
រហូតនាំឱ្យប្រធានាធិបតី លោក ដូណាល់ ត្រាំ ប្រកាសបិទបញ្ចប់បទឈប់បាញ់
ដើម្បីផ្អាកសង្រ្គាមដែលទីក្រុងវ៉ាស៊ីនតោន បានរួមគ្នាចាប់ផ្តើមជាមួយអ៊ីស្រាអែល
កាលពីថ្ងៃទី២៨ ខែកុម្ភៈ ក៏ប៉ុន្តែលោក ត្រាំ បានអះអាងថា លោកនៅទុកទ្វារចំហ
សម្រាប់បន្តកិច្ចចរចា។
អ៊ីរ៉ង់កាលពីថ្ងៃអាទិត្យក៏បានអះអាងដែរថា
ខ្លួនបានសម្រេចបិទច្រកសមុទ្រ Hormuz បន្ទាប់ពីបានបាញ់គ្រាប់ព្រមានដែលត្រូវចំកប៉ាល់មួយគ្រឿង
ធ្វើដំណើរតាមគន្លងផ្លូវគ្មានការអនុញ្ញាត នៅច្រកសមុទ្រនោះ។ យោធាអាមេរិក បានអះអាងថា
កប៉ាល់ខាងលើឈ្មោះ M/V
GFS Galaxy ជាកប៉ាល់ដឹកកុងតឺណ័រដោតទង់ជាតិប្រទេសស៊ើប
ហើយបានរងការខូចខាតធ្ងន់នៅបន្ទប់ម៉ាស៊ីន ខណៈនាវិកម្នាក់បានបាត់ខ្លួន
ក្រោយការបាញ់ប្រហាររបស់អ៊ីរ៉ង់។
បើតាមអ្នកនាំពាក្យរបស់ប្រមុខអង្គការសហប្រជាជាតិ
លោក Guterres
បានលើកឡើងចំៗចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់
និងការវាយប្រហាររបស់អ៊ីរ៉ង់លើកប៉ាល់ដឹកទំនិញក្នុងតំបន់ច្រកសមុទ្រ Hormuz ព្រមទាំងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក្នុងតំបន់ឈូងសមុទ្រ។ តាមលោក Guterres ការវាយប្រហារទាំងនេះត្រូវតែបញ្ឈប់៕ (AFP)

Post a Comment