រំលឹកខួបមួយឆ្នាំនៃការឈ្លានពានទឹកដីកម្ពុជាដោយទាហានថៃ, មេ CMAC អំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ពង្រឹងស្មារតីជាតិ
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានសរសេររំលឹកនៅលើបណ្តាញសង្គមផ្លូវការរបស់លោក អំពីខួបមួយឆ្នាំនៃការឈ្លានពានទឹកដីកម្ពុជាដោយទាហានសៀម។
ឯកឧត្តមបានបញ្ជាក់ថា
កាលពី៣៦៥ថ្ងៃមុន គឺជាថ្ងៃដែលទាហានសៀម
បានវាយលុកឈ្លានពានបូរណភាពទឹកដីកម្ពុជាទាំងកំរោល
ដោយបានប្រើប្រាស់គ្រាប់អាវុធផ្សែងគីមី គ្រាប់បែកចង្កោម ការទម្លាក់គ្រាប់បែកយន្តហោះ
និងដ្រូនអត្តឃាតជាដើម មកលើគោលដៅយោធា និងស៊ីវិលយ៉ាងព្រៃផ្សៃ។
ឯកឧត្តមអគ្គនាយក
CMAC បានអំពាវនាវឱ្យព្រឹត្តិការណ៍ដ៏សោកសៅនេះ ក្លាយជាប្រវត្តិសាស្ត្រ
និងវិទ្យាសាស្ត្រពិត សម្រាប់បន្តពង្រឹងស្មារតីសាមគ្គី ឆន្ទៈ
និងមនសិការជាតិតែមួយកាន់តែខ្លាំងក្លាថែមទៀត។
ជាមួយគ្នានេះ ឯកឧត្តមក៏បានឆ្លៀតឱកាសឧទ្ទិសគុណបុណ្យកុសល្យដល់វិញ្ញាណក្ខន្ធវីរកងទ័ព
កងនគរបាលជាតិ ដែលបានលះបង់អាយុជីវិតពលីក្នុងបុព្វហេតុការពារជាតិ សាសនា
និងព្រះមហាក្សត្រខ្មែរ
ក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលបានបាត់បង់ជីវិតដោយសារសង្គ្រាមសៀមឈ្លានពាននេះ។
ការរំលឹកខួបនេះ
គឺជាសារមួយដើម្បីដាស់តឿន និងពង្រឹងស្មារតីជាតិនិយម
ក៏ដូចជាការចងចាំនូវការលះបង់ដ៏ធំធេងរបស់វីរជន
និងប្រជាពលរដ្ឋខ្មែរក្នុងការការពារបូរណភាពទឹកដី។
វាជាការក្រើនរំលឹកដល់ប្រជាជនកម្ពុជាគ្រប់រូបឱ្យបន្តរួបរួមគ្នា ដើម្បីភាពរឹងមាំ
និងសន្តិភាពយូរអង្វែងរបស់ប្រទេសជាតិ៕











Post a Comment