7/24/2026

យប់នេះ កម្ពុជា ប៉ះសិង្ហបុរី ក្នុងជំនួបបើកឆាកពានបាល់ទាត់អាស៊ាន ឆ្នាំ២០២៦

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិសិង្ហបុរី នាវេលាម៉ោង ៧យប់ថ្ងៃទី២៤ ខែកក្កដានេះ ក្នុងជំនួបបើកឆាកពូលA នៃពានរង្វាន់បាល់ទាត់អាស៊ីអាគ្នេយ៍ (ASEAN Hyundai Cup) ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ប្រចាំតំបន់នេះ កម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមជម្រើសជាតិវៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងទីម័រខាងកើត ដែលត្រូវធ្វើការប្រកួតសន្សំពិន្ទុវិលជុំ ដើម្បីស្វែងរកក្រុមលេខ១ និងលេខ២ ឡើងវគ្គបន្ដ ក្នុងនោះកម្ពុជា ទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះចំនួន ២ប្រកួត ទល់នឹងក្រុមជម្រើសជាតិសិង្ហបុរី និងទីម័រខាងកើត។

សម្រាប់កម្មវិធីប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា ក្រោយបើកទ្វារផ្ទះទទួលសិង្ហបុរី ល្ងាចនេះ កម្ពុជានឹងត្រូវធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាថ្ងៃទី២៧ ខែកក្កដា មុនត្រឡប់មកបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុមជម្រើសជាតិទីម័រខាងកើត វិញម្ដង នាថ្ងៃទី៣ ខែសីហា មុនធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះវៀតណាម នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ខាងមុខ។

សូមជម្រាបថា ដោយសាររដូវកាលនេះ គឺជាខួប ៣០ឆ្នាំ នៃការបង្កើតពានរង្វាន់បាល់ទាត់ប្រចាំតំបន់ខាងលើ មុនការប្រកួតរវាងកម្ពុជា និងសិង្ហបុរី ក៏នឹងមានការរៀបចំពិធីបើកការប្រកួតផ្លូវការ ដើម្បីអបអរសាទរព្រឹត្តិការណ៍បាល់ទាត់អាស៊ីអាគ្នេយ៍ រយៈពេល ៣ទសវត្សរ៍កន្លងមក ដោយនឹងមានការយាងចូលរួមសម្ដែង និងបង្ហើរព្រះសំនៀងពីព្រះនាង នរោត្ដម ជេនណា ព្រមទាំងលោក សុខ សម្បត្តិ និងសិល្បៈករ-សិល្បៈការិនីផ្សេងទៀត នៅពហុកីឡដ្ឋានជាតិមរតកតេជោ ផងដែរ៕