ភ្នំពេញ៖ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ គឺជាខួប១ឆ្នាំ នៃការចាប់ផ្តើមអំពើឈ្លានពានប្រដាប់អាវុធយ៉ាងកម្រោល និងអមនុស្សធម៌ជាទីបំផុតមកលើព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីពួកគេបានបង្កនូវសកម្មភាពដែលនាំឱ្យមានភាពតានតឹង និងការបង្កហេតុជាបន្តបន្ទាប់ជាច្រើនលើកច្រើនសា។
ថ្ងៃនេះ
ឆ្នាំមុន យោធាថៃបានបើកការវាយប្រហារមកលើទឹកដីកម្ពុជា
ដោយបាញ់ប្រហារទៅលើកងកម្លាំងកម្ពុជា ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី
ក្នុងដែនអធិបតេយ្យស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា
ដោយចាប់ផ្ដើមពីចំណុចប្រាសាទតាមាន់ធំ និងបានពង្រីកការវាយប្រហារនៅពាសពេញខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
អំពើឈ្លានពានដ៏កម្រោលនេះ
បានបង្កឱ្យមានការបាត់បង់ជីវិតវីរយុទ្ធជន និងប្រជាពលរដ្ឋស្លូតត្រង់ ការរងរបួស
ការបង្ខំឱ្យប្រជាពលរដ្ឋចាកចេញពីលំនៅឋាន និងការខូចខាតដល់ទ្រព្យសម្បត្តិ
ហេដ្ឋារចនាសម្ព័ន្ធ
ព្រមទាំងប្រាសាទបុរាណខ្មែរដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់មនុស្សជាតិ។
ការឈឺចាប់ និងការបាត់បង់ដែលបន្សល់ទុកពីសង្គ្រាមឈ្លានពាននេះ
នឹងនៅតែដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជាតិកម្ពុជា
ហើយនឹងក្លាយជាពន្លឺដាស់ស្មារតីស្នេហាជាតិដ៏អមតៈ
ដែលនឹងបន្តដុតបញ្ឆេះឆន្ទៈកូនខ្មែរគ្រប់ជំនាន់
ឱ្យក្រោកឈររួមសាមគ្គីគ្នាការពារអធិបតេយ្យភាព កិត្តិយស
និងសេចក្ដីថ្លៃថ្នូររបស់ជាតិខ្មែរជារៀងរហូត។
ក្នុងរយៈពេលកន្លងមកនេះ
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម»
ដោយខិតខំប្រឹងប្រែងយ៉ាងសកម្ម និងឥតឈប់ឈរ
ក្នុងការដោះស្រាយជម្លោះតាមមធ្យោបាយសន្តិវិធី។ តាមរយៈកិច្ចការទូត ការចរចាទ្វេភាគី
ការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ
កម្ពុជាបានបន្តស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព ស្ថិរភាព និងការគោរពច្បាប់អន្តរជាតិ។
ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់លើការការពារសុវត្ថិភាព
និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ការផ្តល់ជំនួយដល់អ្នករងគ្រោះ
និងការការពារអធិបតេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដី ដោយភាពអត់ធ្មត់ ភាពម៉ឺងម៉ាត់
និងការទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះ ក៏សូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរយុទ្ធជនគ្រប់រូប
ដែលបានលះបង់កម្លាំងកាយចិត្ត
និងអាយុជីវិតក្នុងបុព្វហេតុការពារជាតិពីសត្រូវឈ្លានពាន។
សូមបួងសួងឧទ្ទិសមហាកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរយុទ្ធជន
និងប្រជាពលរដ្ឋស្លូតត្រង់ដែលបានបាត់បង់ជីវិតក្នុងសង្គ្រាមឈ្លានពាន
និងសូមឱ្យដួងវិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕





