7/24/2026

អង្គការសង្គមស៊ីវិលនៅភូមិភាគឦសានប្រទេស ប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់បរិវត្តកម្មឌីជីថល

 អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី ៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការគណៈរដ្ឋមន្ត្រី និងរដ្ឋបាលខេត្តមណ្ឌលគិរី បានសហការរៀបចំវេទិកាសន្ទនាក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការ វ.ស.ស. តំណាងឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងឯកឧត្តម ចាន់ រតនា អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី តំណាងឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី។ វេទិកាសន្ទនានេះ មានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន តំណាងមន្ទីរជំនាញ និងតំណាងអង្គការសង្គមស៊ីវិល រួមទាំងសហគមន៍ជនជាតិភាគតិចក្នុងខេត្តមណ្ឌលគិរីជាច្រើននាក់។

ថ្លែងក្នុងពិធីបើកអង្គវេទិកាសន្ទនា ឯកឧត្តម ចាន់ រតនា អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ស្វាគមន៍ចំពោះការរៀបចំឱ្យមានវេទិកាសន្ទនានាព្រឹកនេះ ដែលបានឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អង្គការសង្គមស៊ីវិលក្នុងមូលដ្ឋាន ក្នុងការពង្រឹងសមត្ថភាពផ្នែកឌីជីថល ដើម្បីឈ្វេងយល់អំពីបច្ចេកវិទ្យាឌីជីថលនិងសុវត្ថិភាពតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាសម្រួលដល់ទំនាក់ទំនងការងារជាមួយសហគមន៍និងរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព។ 

ឯកឧត្តមក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មពីសំណាក់អង្គការសង្គមស៊ីវិលក្នុងខេត្តមណ្ឌលគិរី ក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មបៃតង រួមទាំងការអភិរក្សព្រៃឈើដើម្បីទាញយកនូវអត្ថប្រយោជន៍ពីគម្រោង REDD+ ក៏ដូចជាការបង្កើតការងារនិងប្រាក់ចំណូលសមរម្យសម្រាប់ប្រជាសហគមន៍មូលដ្ឋាននិងជនជាតិដើមភាគតិច សំដៅពង្រឹងកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍដោយចីរភាពសម្រាប់ខេត្តមណ្ឌលគិរី ដែលជាតំបន់ទេសចរណ៍ធម្មជាតិនិងប៉ូលសេដ្ឋកិច្ចមួយនៅភូមិភាគឦសានប្រទេស។

ជាមួយគ្នានេះ ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការ វ.ស.ស. បានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរវាងអង្គការសង្គមស៊ីវិលនិងអាជ្ញាធរមូលដ្ឋាន ដែលតែងតែរួមគ្នាជំរុញការអភិវឌ្ឍមូលដ្ឋាននិងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនជនជាតិដើមភាគតិចក្នុងខេត្តនៃភូមិភាគឦសានប្រទេស។ 

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលបន្តសិក្សាឈ្វេងយល់អំពីបច្ចេកវិទ្យាថ្មីៗ ដែលអាចយកមកប្រើប្រាស់ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ក៏ដូចជាឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាក្នុងយុគសម័យឌីជីថល និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកសាងសង្គមឌីជីថល និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយចីរភាព ស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល  ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ 

ឯកឧត្តមបានបន្ថែមថា វ.ស.ស. នឹងបន្តពង្រឹងលើកកម្ពស់វប្បធម៌សន្ទនាក្នុងគ្រួសារនៃអង្គការសង្គមស៊ីវិល ក្នុងស្មារតីថែរក្សាសុខសន្តិភាពនិងសុខដុមនីយកម្មសង្គមស៊ីវិលនិងពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

ក្នុងឱកាសនេះដែរ បណ្ឌិត កាន់ បុណ្ណបញ្ញា អ្នកសម្របសម្រួលកម្មវិធីស្រាវជ្រាវនៃបណ្ឌិត្យសភាបច្ចេកវិទ្យា ឌីជីថលកម្ពុជា បានចូលរួមជាវាគ្មិនធ្វើបទបង្ហាញចែករំលែកចំណេះដឹងដល់អង្គការសង្គមស៊ីវិលនិងអាជ្ញាធរមូលដ្ឋានក្នុងខេត្តមណ្ឌលគិរី លើប្រធានបទ «ការយល់ដឹងអំពីអក្ខរកម្មឌីជីថល និងសុវត្ថិភាពតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលជាផ្នែកមួយនៃការចូលរួមចំណែករបស់ វ.ស.ស. ក្នុងការពង្រឹងសមត្ថភាពរបស់អង្គការសង្គមស៊ីវិលនៅថ្នាក់មូលដ្ឋាន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥៕