7/24/2026

កម្ពុជាទាមទារឱ្យថៃបញ្ឈប់ការឈូសឆាយផ្លូវ និងរាយបន្លាសលួសចូលដីកម្ពុជា

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ថ្នាក់ដឹកនាំកម្ពុជាបានបន្តទាមទារឱ្យប្រទេសថៃបញ្ឈប់សកម្មភាពឈូសឆាយផ្លូវ និងរាយបន្លាសលួសចូលទឹកដីកម្ពុជា នៅខេត្តឧត្តរមានជ័យដែលបានធ្វើសកម្មភាពនាពេលថ្មីៗនេះ ។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះការបន្តរំលោភបំពានរបស់ថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានៅតាមបណ្តោយព្រំដែន។ 

ការតវ៉ានេះធ្វើឡើង បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃ នៅចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានឈូសឆាយដីធ្វើផ្លូវថ្មីនៅចន្លោះបង្គោលព្រំដែនលេខ៨ និងលេខ៩ ក្នុងតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលរំលោភចូលជ្រៅទៅក្នុងទឹកដីកម្ពុជា។ បន្ទាប់មក នៅចន្លោះថ្ងៃទី១៥ ដល់១៩ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានបន្តឈូសឆាយដីធ្វើផ្លូវ និងរាយបន្លាលួស នៅចន្លោះបង្គោលព្រំដែនលេខ១៩ និងលេខ២០ ក្នុងតំបន់ជប់ដើមខ្នុរ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ឯកឧត្តមបន្តថា សកម្មភាពទាំងនេះ គឺជាការរំលោភបំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ។ រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីរបស់ប្រទេសថៃឡើយ ហើយកម្ពុជាប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍ថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយការប្រើកម្លាំងនោះឡើយ។ ឯកឧត្តមបញ្ជាក់ថា “រាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យប្រទេសថៃបញ្ឈប់សកម្មភាពបែបនេះនៅក្នុងតំបន់ដែលបានលើកឡើងខាងលើក៏ដូចជានៅតំបន់ផ្សេងទៀតដែលត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយកងកម្លាំងប្រដាប់អាវុធថៃ ចាប់តាំងពីឆ្នាំ២០២៥ ដើម្បីកាត់បន្ថយភាពតានតឹង និងជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងជំហានឆ្ពោះទៅការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីស្តារឡើងវិញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អនៅតាមបណ្តោយព្រំដែននៃប្រទេសទាំង២” ។

ឯកឧត្តមអ្នកនាំពាក្យ បន្ថែមថា កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយរាល់ជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់៕