វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា

ខេត្តកំពង់ធំ៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល បានរៀបចំពិធីប្រគល់អំណោយកាតាបចំនួន៤៥ ជូនដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន ស្ថិតនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ព្រមទាំងបានគាំទ្របន្ថែមលើការសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា ដើម្បីរួមចំណែកលើកកម្ពស់បរិយាកាសសិក្សា និងសុវត្ថិភាពសម្រាប់កុមារ។

ពិធីប្រគល់-ទទួលអំណោយនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ៃ សំបូរ អគ្គលេខាធិការវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដោយមានការចូលរួមពីលោក ចាប ធីន មេឃុំកកោះ លោកស្រី កែវ វណ្ណា នាយិកាសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន ព្រមទាំងអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្សសរុប៦០រូប។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ប៉ៃ សំបូរ បានមានប្រសាសន៍ថា ការវិនិយោគលើការអប់រំកុមារតូច គឺជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់អនាគតប្រទេសជាតិ។ កុមារជាទំពាំងស្នងឫស្សី និងជាកម្លាំងបន្តវេនដែលនឹងចូលរួមកសាងសង្គម និងប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ ដូច្នេះ ការផ្តល់ឱកាសឱ្យកុមារទទួលបានបរិយាកាសសិក្សាល្អ សុវត្ថិភាព និងមានសម្ភារៈសិក្សាគ្រប់គ្រាន់ គឺជាការទទួលខុសត្រូវរួមរបស់ស្ថាប័ន សង្គម និងសប្បុរសជន។

ឯកឧត្តមបានបន្តថា វេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្រោម ការ ដឹក នាំ របស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ តែងតែយកចិត្តទុកដាក់លើការងារមនុស្សធម៌ និងការអភិវឌ្ឍសហគមន៍ ដោយបានកៀរគរធនធានពីសប្បុរសជន ដើម្បីគាំទ្រវិស័យអប់រំ សុខាភិបាល និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ឯកឧត្តមបានគូសបញ្ជាក់ថា ការគាំទ្របន្ថែមលើការសាងសង់របងព័ទ្ធជុំវិញបរិវេណសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន គឺដើម្បីធានាសុវត្ថិភាពរបស់កុមារ បង្កើតបរិយាកាសសិក្សាប្រកបដោយផាសុកភាព និងជួយឱ្យសាលាមានហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរ។

ឯកឧត្តមបណ្ឌិត ប៉ៃ សំបូរ បានជម្រាបថាអំណោយកាតាបដល់សិស្សចំនួន៤៥ រូប និងការសាងសង់របងព័ទ្ធជុំវិញសាលា ជាការឧបត្ថម្ភរបស់ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្នុងគោលបំណងលើកទឹកចិត្តដល់កុមារឱ្យស្រឡាញ់ការសិក្សា និងជួយសម្រាលបន្ទុករបស់អាណាព្យាបាលក្នុងការរៀបចំសម្ភារៈសិក្សាសម្រាប់កូនៗ។

ក្នុងឱកាសនោះដែរ លោក Liu Wenzhi តំណាងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ បានមានប្រសាសន៍ថា មូលនិធិមានកិត្តិយសដែលបានចូលរួមសហការជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្នុងការគាំទ្រវិស័យអប់រំ និងការអភិវឌ្ឍសហគមន៍នៅកម្ពុជា។ លោកបានបញ្ជាក់ថា កុមារគឺជាអនាគតរបស់ប្រទេសជាតិ ហើយការវិនិយោគលើការអប់រំ និងការបង្កើតបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព។

លោក ចាប ធីន មេឃុំកកោះ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលបានចូលរួមគាំទ្រការអប់រំនៅមូលដ្ឋាន។ លោកបានចាត់ទុកការផ្តល់កាតាប និងការជួយសាងសង់របងសាលា ជាការរួមចំណែកដ៏មានតម្លៃក្នុងការលើកកម្ពស់គុណភាពអប់រំ និងសុខុមាលភាពរបស់កុមារនៅក្នុងសហគមន៍ ។

លោកស្រី កែវ វណ្ណា នាយិកាសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ឯកឧត្ដម បណ្ឌិត ប៉ៃ សំបូរ និងថ្នាក់ដឹកនាំវេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលបានផ្តល់កាតាប៤៥ជូនសិស្ស និងគាំទ្រថវិកា៨លានរៀលក្នុងការសាងសង់របងសាលា។ លោកស្រីបានបញ្ជាក់ថា អំណោយ និងការគាំទ្រនេះ ពិតជាមានអត្ថន័យយ៉ាងខ្លាំងសម្រាប់សាលា ក៏ដូចជាមាតាបិតាសិស្ស និងនឹងជួយឱ្យកុមារមានទឹកចិត្តក្នុងការសិក្សាកាន់តែប្រសើរឡើង៕













Powered by Blogger.