កម្ពុជា-អាមេរិក បើកកិច្ចសន្ទនាគោលនយោបាយការពារជាតិលើកទី៤ នៅរដ្ឋធានីវ៉ាស៊ីនតោន
វ៉ាស៊ីនតោន៖ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចសន្ទនាគោលនយោបាយការពារជាតិកម្ពុជា–សហរដ្ឋអាមេរិក លើកទី៤ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។
កិច្ចសន្ទនានេះត្រូវបានធ្វើឡើងនៅមន្ទីរបញ្ចកោណសហរដ្ឋអាមេរិក
ដោយមានការទទួលស្វាគមន៍ពីលោកស្រី Lori D. Abele ឧបការីរងរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិកស្តីទី
និងសហការី។
ក្នុងឱកាសនៃកិច្ចសន្ទនានេះ
ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅ
ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក។
វិស័យសំខាន់ៗដែលបានលើកយកមកពិភាក្សារួមមាន ការធ្វើសមយុទ្ធរួមគ្នា
ការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត
ដែលសុទ្ធសឹងជាកត្តារួមចំណែកដល់ការពង្រឹងសមត្ថភាពការពារជាតិ និងសន្តិសុខក្នុងតំបន់។
ជាមួយគ្នានោះ
ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន
ក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ
និងការចូលរួមរបស់សហរដ្ឋអាមេរិកកន្លងមក លើបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ។
កិច្ចសន្ទនាគោលនយោបាយការពារជាតិលើកទី៤នេះ
បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ
ក្នុងការបន្តកិច្ចសហប្រតិបត្តិការយោធា ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួម៕




Post a Comment