ចំនួនមនុស្សស្លាប់ក្នុងគ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បន្តកើនដល់ជិត២៦០០នាក់

ការ៉ាកាស៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ ប្រធានាធិបតីស្តីទីនៃប្រទេសវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានបដិសេធចំពោះការយល់ឃើញថា រដ្ឋាភិបាលរបស់លោកស្រី ឆ្លើយតបយឺតយ៉ាវចំពោះការបំផ្លិចបំផ្លាញបង្កឡើង​ដោយគ្រោះរញ្ជួយដីភ្លោះ ដែលបានសម្លាប់មនុស្សកើនដល់ជិត២៦០០ នាក់។

ក្នុងសន្និសីទសារព័ត៌មានលើកដំបូង ចាប់តាំងពីឡើងកាន់អំណាចកាលពីខែមករា ក្រោយពេលប្រធានាធិបតី លោក Nicolas Maduro ត្រូវបានអាមេរិកចាប់ខ្លួន លោកស្រី Rodriguez បាននិយាយដូច្នេះថា «វាគឺជាសោកនាដកម្មធម្មជាតិមួយ មានទំហំយ៉ាងធំសម្បើម ដែលយើងមិនធ្លាប់ស្រមៃគិតនោះឡើយ ទោះបីជាយើងបានដឹងថា បាតុភូតរញ្ជួយដី អាចកើតមាននៅក្នុងប្រទេសយើង​ក៏ដោយ។ ពួកយើងមិនបាននៅរង់ចាំ១ថ្ងៃ ២ថ្ងៃ ឬ៣ថ្ងៃនោះទេ។ យើងបានធ្វើសកម្មភាពភ្លាមៗ»

លោកស្រី Rodriguez បាននិយាយថា រដ្ឋាភិបាលលោកស្រី បានចេញក្រឹត្យបន្ទាន់មួយ ដើម្បីដំណើរការនីតិវិធីឆ្លើយតប​គ្រោះអាសន្ននិងការពារជនស៉ីវិល ក្នុងរយៈពេលត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយមានគ្រោះរញ្ជួយដី ដែលបានវាយប្រហារ​កាលពីថ្ងៃពុធសប្តាហ៍មុន ជាមួយកម្រិត៧,២រ៉ិចទ័រ និង៧,៥រ៉ិចទ័រ។

លោកស្រី ថែមទាំងបានអះអាងថា ស្ទើរតែទាំងអស់នៃក្រុមមន្រ្តីប្រចាំតំបន់នៅរដ្ឋ La Guairá ដែលជាតំបន់រងគ្រោះធ្ងន់ជាងគេ គឺបានបាត់បង់ជីវិតក្នុងអគារដែលបានបាក់ស្រុត ដោយសាររញ្ជួយដី។ បើតាមលោកស្រី Rodriguez តួលេខចុងក្រោយបង្អស់​នៃមនុស្សដែលបានស្លាប់ គឺបន្តកើនដល់២៥៩៥នាក់ ហើយលោកស្រីបានបញ្ជាក់ថា រដ្ឋាភិបាលនៅតែមិនទាន់បញ្ចប់ កិច្ចប្រឹងប្រែងស្វែងរកនិងជួយសង្រ្គោះឡើយ។

បើតាម លោកស្រី Rodriguez មិនបានប្រាប់លម្អិតអំពីតួលេខអ្នកដែលនៅបន្តបាត់ខ្លួនទេ។ ទោះជាបែបនេះក្តី បើតាមបញ្ជីអនឡាញ​មួយ ដែលមានលក្ខណៈមិនផ្លូវការ ប៉ុន្តែត្រូវបានប្រើប្រាស់ទូលំទូលាយ គឺចំនួនមនុស្សបាត់ខ្លួន បានថយមកនៅខ្ទង់៣៨៥០០នាក់ គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ ក្រោយឡើងដល់ជិត៦០០០០នាក់ អំឡុងពេលប៉ុន្មានថ្ងៃដំបូង ក្រោយគ្រោះរញ្ជួយដី៕ (AFP)



 

Powered by Blogger.