រដ្ឋបាលខេត្តព្រះសីហនុ បំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវល្បឿនលឿន បណ្តាលឱ្យមនុស្សស្លាប់ម្នាក់
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីបំភ្លឺព័ត៌មានជាផ្លូវការជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សោកសៅមួយ ដែលបានកើតឡើងបណ្តាលឱ្យមនុស្សម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ កាលពីយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១៩:៣០នាទី នៅលើផ្លូវល្បឿនលឿនត្រង់ចំណុចគីឡូម៉ែត្រ K152+600 ស្ថិតនៅក្រុមទី៧ ភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ សេចក្តីបំភ្លឺនេះធ្វើឡើងក្នុងគោលបំណងផ្តល់ព័ត៌មានច្បាស់លាស់ និងទូលំទូលាយដល់សាធារណជន។
យោងតាមសេក្តីបំភ្លឺ បានបង្ហាញថា
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងដោយសារអ្នកថ្មើរជើងម្នាក់ ភេទប្រុស
សង្ស័យជាជនជាតិចិន ដែលពុំទាន់ស្គាល់អត្តសញ្ញាណច្បាស់លាស់
បានរត់មកស្ទាក់មុខរថយន្តម៉ាក TOYOTA PRIUS ពណ៌ស
ពាក់ស្លាកលេខភ្នំពេញ2CC-3790។ រថយន្តនេះបើកបរដោយឈ្មោះ ជាម
ច័ន្ទម៉ារីន ភេទប្រុស ជនជាតិខ្មែរ អាយុ២៧ឆ្នាំ មានមុខរបរជាបុគ្គលិកខារ៉ាអូខេ
បច្ចុប្បន្នស្នាក់នៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នៅពេលកើតហេតុ រថយន្តកំពុងធ្វើចរាចរណ៍ក្នុងទិសដៅពីរាជធានីភ្នំពេញឆ្ពោះមកក្រុងព្រះសីហនុ។
របាយការណ៍បានបន្តថា
ពេលបានឃើញអ្នកថ្មើរជើងរត់មកស្ទាក់ពីមុខរថយន្តរបស់ខ្លួន អ្នកបើកបរឈ្មោះ ជាម
ច័ន្ទម៉ារីន បានព្យាយាមគេចរថយន្តទៅខាងស្តាំដៃ
ប៉ុន្តែបានប៉ះអ្នកថ្មើរជើងត្រូវចំកញ្ចក់មើលក្រោយផ្នែកខាងឆ្វេង។
បន្ទាប់ពីការប៉ះទង្គិចនោះ រថយន្តមិនបានឈប់នៅកន្លែងកើតហេតុភ្លាមៗនោះទេ
ប៉ុន្តែអ្នកបើកបរបានទំនាក់ទំនងទៅលេខទូរស័ព្ទប្រចាំការរបស់ផ្លូវល្បឿនលឿនដើម្បីរាយការណ៍។
អ្វីដែលកាន់តែសោកស្តាយនោះ
គឺចំពោះអ្នកថ្មើរជើងដែលសង្ស័យជាជនជាតិចិនរូបនេះ
ត្រូវបានរថយន្តមិនស្គាល់ម៉ាកផ្សេងៗទៀតកិនបន្ថែមជាបន្តបន្ទាប់
បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ ករណីនេះកើតឡើងដោយសារទីតាំងកើតហេតុមានភាពងងឹត
និងពុំមានកាមេរ៉ាសុវត្ថិភាពចាប់យករូបភាពបានច្បាស់លាស់។
បច្ចុប្បន្ន
សាកសពជនរងគ្រោះត្រូវបានយកទៅតម្កល់ទុកជាបណ្តោះអាសន្ននៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
ដើម្បីរង់ចាំការស្វែងរកអត្តសញ្ញាណ និងក្រុមគ្រួសារ។ ចំណែកឯអ្នកបើកបរឈ្មោះ ជាម
ច័ន្ទម៉ារីន បានចូលខ្លួនមកបំភ្លឺជូនកម្លាំងមានសមត្ថកិច្ច
និងបានយករថយន្តរបស់ខ្លួនមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក
នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីស្របតាមច្បាប់។
កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
កំពុងបន្តសហការយ៉ាងយកចិត្តទុកដាក់ជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធ
ដើម្បីធ្វើការស្រាវជ្រាវរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ។
រដ្ឋបាលខេត្តព្រះសីហនុ
សូមអំពាវនាវដល់សាធារណជនទាំងអស់ ជាពិសេសអ្នកបើកបរ និងអ្នកថ្មើរជើង សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ
និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងគ្រោះថ្នាក់ដែលមិនចង់បាន
និងចូលរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវសាធារណៈ៕


Post a Comment