អ៊ីរ៉ង់ពង្រីកការវាយប្រហារលើបណ្តាប្រទេសតំបន់ឈូងសមុទ្រ និងប្រកាសបិទច្រកសមុទ្រហ័រមូសជាថ្មី
វ៉ាស៊ីនតោន៖ កងកម្លាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបើកការវាយប្រហារដាក់គ្នាយ៉ាងធ្ងន់ធ្ងរដោយប្រើប្រាស់មីស៊ីល និងដ្រូនជាបន្តបន្ទាប់ ខណៈនៅថ្ងៃអាទិត្យនេះ ទីក្រុងតេហេរ៉ង់បានកំណត់គោលដៅវាយប្រហារលើទីតាំងយោធាអាមេរិក នៅតាមបណ្តាប្រទេសនានាក្នុងតំបន់ឈូងសមុទ្រ ព្រមទាំងប្រកាសថាខ្លួនបានបិទច្រកសមុទ្រហ័រមូសជាថ្មីម្តងទៀត។
ការវាយប្រហារទាំងនេះ
គឺជាផ្នែកមួយនៃវដ្តនៃការសងសឹកគ្នាទៅវិញទៅមក
ខណៈដែលអ៊ីរ៉ង់ព្យាយាមក្តោបក្តាប់ការគ្រប់គ្រងលើការធ្វើនាវាចរណ៍នៅតាមច្រកសមុទ្រនេះ។
អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ការវាយប្រហារលើកនេះមានការកើនឡើងទាំងសន្ទុះ
និងវិសាលភាព ពោលគឺរាលដាលដល់ប្រទេសកាតា ដែលជាអ្នកសម្របសម្រួលសន្តិភាព
និងមិនធ្លាប់រងការវាយប្រហារសោះតាំងពីខែមេសាមក។ ចំណែកឯប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE)
ដែលមិនធ្លាប់ត្រូវកំណត់គោលដៅតាំងពីដើមខែឧសភា ក៏បានប្រកាសថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន
បានស្ទាក់ចាប់មីស៊ីល និងដ្រូនពីអ៊ីរ៉ង់ផងដែរ។
ការផ្ទុះហិង្សាជាថ្មីនេះ
បានធ្វើឱ្យអនាគតនៃកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន ដែលអាមេរិក
និងអ៊ីរ៉ង់បានចុះហត្ថលេខាកាលពីខែមុន កាន់តែមានភាពស្រពិចស្រពិល
ខណៈដែលកិច្ចព្រមព្រៀងនោះមានគោលបំណង បើកច្រកសមុទ្រឡើងវិញ និងផ្តល់ពេល
៦០ថ្ងៃដើម្បីចរចាបញ្ចប់សង្គ្រាមជាស្ថាពរ។ កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក
ដូណាល់ ត្រាំ បានប្រកាសថា លោកចាត់ទុកបទឈប់បាញ់នេះត្រូវបានបញ្ចប់ទៅហើយ
ប៉ុន្តែនៅតែបើកផ្លូវសម្រាប់ការចរចាបន្ត។
គួររំលឹកថា
សង្គ្រាមដែលផ្តើមឡើងដោយការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់
តាំងពីថ្ងៃទី២៨ ខែកុម្ភៈ បានបង្កអស្ថិរភាពយ៉ាងខ្លាំងនៅតំបន់ឈូងសមុទ្រ។
ការបិទខ្ទប់ច្រកសមុទ្រហ័រមូសពីសំណាក់អ៊ីរ៉ង់ បានរុញច្រានតម្លៃថាមពលឱ្យហក់ឡើងខ្ពស់
និងបង្កឱ្យមានអតិផរណាសកល។ ស្ថានភាពប្រេងសាំងឡើងថ្លៃនេះ គឺជារឿងនយោបាយដ៏រសើបបំផុតសម្រាប់លោក
ត្រាំ ស្របពេលដែលការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា
កំពុងខិតជិតមកដល់ផងដែរ៕ (Reuters)

Post a Comment