រសៀលនេះ ក្រុមជម្រើសជាតិនារីម្ពុជា ចាប់ផ្ដើមយុទ្ធនាការប្រជែងពាន ASEAN Women’s Cup

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងត្រូវចាប់ផ្ដើមយុទ្ធនាការប្រកួតពានរង្វាន់បាល់ទាត់នារីតំបន់អាស៊ីអាគ្នេយ៍ ASEAN Women’s Cup 2026 នាវេលាម៉ោង ៣៖៤៥នាទីរសៀល (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី១៣ ខែកក្កដានេះ នៅកីឡដ្ឋានគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ក្នុងជំនួបដំបូង ក្នុងវគ្គចែកពូល ដោយក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ត្រូវជួបក្រុមជម្រើសជាតិនារីទីម័រខាងកើត ក្នុងពូល B ដែលមានបេក្ខភាព ៣ក្រុម។ សម្រាប់ក្រុមជម្រើសជាតិនារីទីម័រខាងកើត បានចាញ់ក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី ២-០ កាលពីចុងសប្ដាហ៍កន្លងទៅ។ ដូច្នេះផ្អែកលើរូបមន្ដប្រកួត ប្រសិនបើអាចយកឈ្នះទីម័រខាងកើត ថ្ងៃនេះ ក្រុមបាល់ទាត់នារីកម្ពុជា នឹងត្រូវកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិ មុនជំនួបបញ្ចប់ពូលB ទល់ឥណ្ឌូនេស៊ី នាថ្ងៃទី១៦ ខែកក្កដាខាងមុខ។

សូមបញ្ជាក់ថា ពានរង្វាន់កម្រិតទី២ ក្នុងតំបន់នេះ មាន ៦ក្រុមចូលរួម និងបែងចែកជា ២ពូល ក្នុងនោះពូលA មានម្ចាស់ផ្ទះម៉ាឡេស៊ី ឡាវ និងសិង្ហបុរី ខណៈពូលB មានកម្ពុជា ឥណ្ឌូនេស៊ី និងទីម័រខាងកើត។ សម្រាប់ក្រុមឈរ លេខ១ និងលេខ២ ក្រោយបញ្ចប់ការប្រកួតក្នុងពូល នឹងត្រូវឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុនឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនាថ្ងៃទី២២ ខែកក្កដាខាងមុខ។ ចំពោះក្រុមឈរលេខ១ ដល់លេខ៣ នឹងទទួលបានកៅអីលេងពានកម្រិតទី១ ASEAN Women’s Championship នាឆ្នាំក្រោយ៕






 

Powered by Blogger.