អង្គការ​ WMF កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង

ខេត្តសៀមរាប៖ អង្គការមូលនិធិប្រាសាទពិភពលោក (WMF) សហការជាមួយអាជ្ញាធរជាតិអប្សរា កំពុងបន្តការងារជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង ដែលជាផ្នែកមួយដ៏សំខាន់​នៃប្រាសាទ​ភ្នំ​មួយនេះ។

លោក គង់ សាវបុត្រ នាយកប្រចាំប្រទេសអង្គការ WMF ឱ្យដឹងថា ប៉ែកខាងលិចប្រាសាទភ្នំបាខែង មានការខូចខាតប្រហាក់ប្រហែលនៅជ្រុងផ្សេងទៀតដែរ។ ក្រុមការងារបានពង្រឹង និងរៀបឡើងវិញនៅផ្នែកជញ្ជាំង កម្រាល ដោយជំនួសថ្មបាយក្រៀម​ថ្មីមួយចំនួន​នៅទីតាំងដែលពុកផុយ ឬរកថ្មមិនឃើញ។
លោក ជីវ ភិរម្យ វិស្វករគម្រោងជួសជុលប្រាសាទភ្នំបាខែង លើកឡើងថា គម្រោងជួសជុលនៅប៉ែក​ខាងលិចប្រាសាទភ្នំបាខែង បានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ២០២៦។ គម្រោងនេះក្រុមការងារ​បានរុះរើជញ្ជាំង កម្រាល និងប្រាសាទតូចចំនួន២ គឺC6 និង C7 (អក្សរCតំណាងឱ្យជាន់ទី៤ រាប់ពីខាងក្រោម) រួមនិងការងារជណ្តើរ។ គម្រោងនេះអនុវត្តដោយក្រុមការងារចំនួន១០ រួមមានផ្នែកជួសជុលពង្រឹងគ្រឹះ រៀបជញ្ជាំង និងជណ្តើរ។
ចំពោះបច្ចេកទេសនៃការជួសជុល លោក ភិរម្យ បានរៀបរាប់ថា មុននឹងឈានដល់ការជួសជុល ក្រុមការងារបានសិក្សាពីប្រព័ន្ធបង្ហូរទឹក បរិវេណប្រាសាទ ប្រភេទថ្មភ្នំ ក៏ដូចជាសិក្សាពីរចនាសម្ព័ន្ធ តួប្រាសាទទាំងមូល ដោយមានការគូរប្លង់បង្ហាញពីកត្តាខូចខាតជាដើម។ បន្ទាប់មកមានការសិក្សាបន្ថែម​ពីអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិរបស់អាជ្ញាធរជាតិអប្សរា និងអង្គការ WMF មុននឹងយកគំរូប្លង់ជួសជុលឆ្លងយោបល់ទៅក្រុមអ្នកជំនាញការនៃគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ដើម្បីផ្តល់យោបល់បន្ថែមលើការងារអភិរក្ស។
លោក ភិរម្យ បានបន្ថែមថា ការជួសជុលចែកជាច្រើនផ្នែករួមមាន ការជួសជុល​ផ្នែកខាងក្នុងដែល​ត្រូវពង្រឹងថ្មភ្នំ ពង្រឹងគ្រឹះប្រសិនខូចខាត រៀបជញ្ជាំងឡើងវិញឱ្យត្រង់ រៀបចំប្រព័ន្ធទឹកនៅជាន់ទី៣។ ជាន់ទី៥ និងទី៧ បន្ថែមចង្កឹះកែវ ដើម្បីពង្រឹងពីថ្មភ្នំទៅក្រោយជញ្ជាំង ដើម្បីទប់លំនឹងកុំឱ្យផ្អៀង។ វិធីសាស្រ្តទី៦ បន្ថែមរន្ធទឹកនៅជាន់លើ បន្ថែមថ្មបាយក្រៀមចន្លោះថ្មភ្នំនិងជញ្ជាំង បន្ទាប់មកធ្វើជម្រាល ២-៣% ដើម្បីក្រាលកៅស៊ូការពារជម្រាបទឹក។
តាមការបង្ហាញរបស់អ្នកជំនាញ កត្តាដែលនាំឱ្យប្រាសាទភ្នំបាខែងមានការខូចខាត គឺកត្តាធម្មជាតិ ការទុកប្រាសាទ ចោលពុំមានការថែទាំកន្លងមក ដែលធ្វើឱ្យរុក្ខជាតិដុះចាក់ឫសតាមចន្លោះថ្ម ទឹកភ្លៀងហូរច្រោះ និងធ្វើឱ្យគ្រឹះពុកផុយជាដើម៕











Powered by Blogger.