ខេត្តមណ្ឌលគិរី ប្រារព្ធព្រះរាជពិធីចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី គម្រប់ព្រះជន្ម ៩០ យាងចូល ៩១ព្រះវស្សា

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្ត សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងព្រះរាជឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់៩០ យាងចូល ៩១ព្រះវស្សា ក្រោមអធិបតីភាពឯកឧត្តម ស៊ន សារុន សមាជិកក្រុមប្រឹក្សាខេត្ត លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត តំណាងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមទាំមន្រ្តីរាជការ និងសិស្សានុសិស្សជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

 
លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានអានសារលិខិតថ្វាយព្រះពរ សូមក្រាបថ្វាយនូវអំណរសាទរដោយស្មោះ អស់ពីដួងចិត្ត និងសូមថ្វាយនូវព្រះសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការ ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់។ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតអភិវន្ទលំអោនកាយវាចារចិត្តសម្តែងនូវកតញ្ញូ កតវេទិតាធម៌ដ៏ជ្រាលជ្រៅ និងព្រះមហាករុណាទិគុណដ៏ថ្លៃថ្លាថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ ចំពោះព្រះរាជសកម្មភាពដ៏ឧត្ដុង្គឧត្តម ដែលព្រះអង្គបានលះបង់ព្រះកាយពល ព្រះបញ្ញា ញាណ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា និងប្រជារាស្ត្រខ្មែរជាកូនចៅ ចៅទូតរបស់ព្រះអង្គ។
 
ក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកអញ្ជលីប្រណម្យបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី អធិដ្ឋានដល់ព្រះបារមីនៃទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ឫទ្ធិបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះឫទ្ធានុភាព នៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ពិសេសដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះមហាវីរក្សត្រ "ព្រះបរមរតនកោដ្ឋ" សូមជួយទ្រទ្រង់បីបាច់ថែរក្សា ការពារ អភិបាល ប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយជូន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងសមប្រកបតែនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ និងសុខក្សេមក្សាន្តលើ ទឹកដីកម្ពុជា និងសម្រាប់ប្រជារាស្ត្រខ្មែរ សម្បូរសប្បាយ ថ្កុំថ្កើង និងរុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ៕









 

Powered by Blogger.