តុលាការ ចោទប្រកាន់ឃុំខ្លួនអាជីវករលក់សាច់បង្កកម្នាក់ពីបទលួចនាំចូលសាច់បង្កកពីថៃដោយពុំមានការអនុញ្ញាត
ភ្នំពេញ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសព័ត៌មានស្តីពីការចោទប្រកាន់ជនសង្ស័យជាឈ្មួញនាំចូលប្រហិតសាច់បង្កកពីប្រទេសថៃម្នាក់ ដោយពុំមានការអនុញ្ញាត។
ជនចាប់ចោទនេះត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ពេលកម្លាំងសមត្ថកិច្ចចម្រុះបានសហការជាមួយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យជាក់ស្តែង នៅទីតាំងផ្ទះគ្មានលេខ លើផ្លូវ៥៩៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ជនសង្ស័យដែលសមត្តកិច្ចឃាត់ខ្លួនមាន ឈ្មោះ អ៊ុក សុក្របញ្ញារិទ្ធ ភេទប្រុស អាយុ៤៣ ឆ្នាំត្រូវបានដឹងថាជាមេការចែញ៉ ឃ្លាំងនៅសង្កាត់ស្វាយប៉ាក ដកហូតបានវត្ថុតាងប្រហិតសាច់បង្កកមួយចំនួន ដែលបាននាំចូលពីប្រទេសថៃ ដោយពុំមានច្បាប់អនុញ្ញាត និងការបង់ពន្ធត្រឹមត្រូវនោះទេ ។ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។ ចំណែកឯបក្ខពួក ដែលពាក់ពន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត ។
តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យខាងលើ និងបក្ខពួកពីបទការធ្វើពាណិជ្ជកម្មនូវផលិតផលម្ហូបអាហារ ដែលមានសភាពន្រែប្រួសខូចគុណភាពមានជាតិពុល ឬផលិតផលមិនស្របនឹងលក្ខណៈវិនិច្ច័យគុណភាពផ្នែកគតិសុខមជីវិសាស្ត្រ ឬអនាម័យ បទការប្រព្រឹត្តអំពើក្លែងបន្លំដើមកំណើតទំនិញ និងបទការនាំចូលទំនិញដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចទីតាំងផ្ទះគ្មានលេខ ផ្លូវ៥៩៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា១៨ និងមាត្រា ៦៣ នៃច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្តិភាពលើផលិតផល ទំនិញនិងសេវា មាត្រា ៣១ នៃច្បាប់ស្តីពីវិធានដើមកំណើតទំនិញ និងមាត្រា៧៥ នៃច្បាប់ស្តីពីពីន័យ ។
សំណុំរឿងខាងលើនេះត្រូវបានចាត់អយ្យការបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនឈ្មួញដែលនាំចូលប្រហិតសាច់បង្កកដោយពុំមានការអនុញ្ញាត ដាក់ពន្ធនាគារជាបណ្តោះអាសន្ន។
សូមបញ្ជាក់ថា ស្នងការដ្ឋាននគរបាលរាជធានី សម្រេចកសាងសំណុំរឿងបញ្ជូនថៅកែនាំសាច់បង្កក ជង្គង់មាន់ ស្លាបមាន់ ជើងមាន់ ពីប្រទេសថៃចំនួន ២នាក់ ទៅតុលាការចាត់ការតាមច្បាប់ គឺលោក ភុត ប៊ុនហម ប្ដីរបស់ឈ្មោះ អ៊ឹម សុផាន់ណារ៉ា ម្ចាស់ឃ្លាំងនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ និង លោក អ៊ុក សុក្របញ្ញារិទ្ធ មេការចែញ៉ ឃ្លាំងនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕




Post a Comment