កងរាជអាវុធហត្ថខេត្តកែប ដាក់ចេញវិធានការណ៍ក្តៅ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងពង្រឹងកិច្ចប្រតិបត្តិការបង្ការ បង្ក្រាបបទល្មើសបច្ចេកវិទ្យា និងទំនិញខុសច្បាប់
ដោយ៖ ទ្រី ហៀន
ខេត្តកែប៖ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍន:ភាពការងារ និងដាក់ចេញផែនការយុទ្ធសាស្ត្រ សំដៅពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅក្នុងភូមិសាស្ត្រខេត្តកែប។កិច្ចប្រជុំនេះ បានផ្ដោតសំខាន់លើការវាយតម្លៃលទ្ធផលការងារកន្លងមក ព្រមទាំងការដាក់ចេញនូវបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យបានដាច់ខាតនូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងការចរាចរទំនិញខុសច្បាប់គ្រប់ប្រភេទ ដែលរាជរដ្ឋាភិបាលបានហាមឃាត់។
ថ្លែងក្នុងកិច្ចប្រជុំនោះ លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការ បានសង្កត់ធ្ងន់ទៅលើចំណុចសំខាន់ៗមួយចំនួន៖
ការបង្កើនប្រសិទ្ធភាពប្រតិបត្តិការ៖ ទាមទារឱ្យគ្រប់អង្គភាពចំណុះ កើនឡើងនូវស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទី និងភារកិច្ច ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍សន្តិសុខជាក់ស្ដែង។
ការទប់ស្កាត់បទល្មើសបច្ចេកវិទ្យា៖ ក្នុងបរិបទដែលបទល្មើសតាមប្រព័ន្ធអនឡាញមានភាពស្មុគស្មាញ កងកម្លាំងជំនាញត្រូវបង្កើនសមត្ថភាពតាមដាន ស្រាវជ្រាវ និងបង្ក្រាបឱ្យទាន់ពេលវេលា ដើម្បីការពារផលប្រយោជន៍ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
ការគ្រប់គ្រងមុខសញ្ញា និងទំនិញខុសច្បាប់៖ ដាក់បទបញ្ជាឱ្យកម្លាំងជំនាញសហការជាមួយអាជ្ញាធរដែនដី ចុះពិនិត្យ និងបង្ក្រាបរាល់ការលួចលាក់នាំចូល ឬចរាចរទំនិញខុសច្បាប់ ដែលបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយការិយាល័យជំនាញ មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស មន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងកងអនុសេនាធំចល័តជាច្រើនរូប។
លោកឧត្ដមសេនីយ៍ត្រី ហ៊ត សីហា ក៏បានជំរុញឱ្យមន្ត្រីទាំងអស់ត្រូវរក្សាឱ្យបាននូវវិន័យកងទ័ព អាកប្បកិរិយាសុភាពរាបសារនៅពេលចុះប្រតិបត្តិការ និងត្រូវឈរលើស្មារតី "ការពារសន្តិសុខជូនប្រជាពលរដ្ឋដោយភាពស្មោះត្រង់ និងម៉ឺងម៉ាត់" ជាកត្តាអាទិភាព៕
















Post a Comment