ប្រតិបត្តិការ៨ថ្ងៃ មន្ត្រីជំនាញនៃដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ ដកហូតឈើជាង ៤ម៉ែត្រគូប និងមធ្យោបាយដឹកជញ្ជូនជាច្រើន
ដោយ : ជឹម ទូច
ខេត្តមណ្ឌលគិរី ៖ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ ភូមិសាស្ត្រស្រុកកោះញែក ខេត្តមណ្ឌលគិរី បានបើកប្រតិបត្តិការទ្រង់ទ្រាយធំចុះល្បាត ទប់ស្កាត់បទល្មើសធន់ធានធម្មជាតិ និងបង្ក្រាបប និងបានដកហូតឈើអារប្រភេទលេខ១ (សុក្រំ) ជិត ១៥០កំណាត់ រួមទាំងគោយន្តកន្ត្រៃ និងម៉ូតូជាច្រើនគ្រឿង។ប្រតិបត្តិការនេះប្រើពេលអស់ ៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ ដឹកនាំដោយលោក ឌិន ប៊ុនថាច ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ ស្ថិតក្នុងភូមិសាស្ត្រភូមិជីក្លប ឃុំសុខសាន្ត ស្រុកកោះញែក ។
សេចក្តីរាយការណ៍អង្គភាពយើងទទួលបានឲ្យដឹងថា នៅថ្ងៃទី០១ មិថុនា ក្នុងពេលចុះល្បាតដល់ចំណុចដៃអូរជាវ (តាមបណ្តោយផ្លូវ៧៧) មន្ត្រីជំនាញបានប្រទះឃើញជនសង្ស័យមួយក្រុមមានគ្នាចំនួន ១១នាក់ កំពុងបើកបរគោយន្តកន្ត្រៃសណ្តោងរម៉កចំនួន ០៤គ្រឿង ដឹកជញ្ជូនឈើអារប្រភេទសុក្រំ។ នៅពេលឃើញសមត្ថកិច្ច ក្រុមជនសង្ស័យបានបើកគោយន្តគេចខ្លួនរហូតដល់ចំណុចត្រពាំងកណ្តោល (និយាមកា 707247, 1431024)។ ដោយសារស្ថានភាពផ្លូវផុងខ្លាំង ក្រុមជនសង្ស័យបានស្រាយខ្សែពួរទម្លាក់ឈើចោល ហើយបានបន្សល់ទុកម៉ូតូម៉ាក Wave ពណ៌ស គ្មានស្លាកលេខ ០១គ្រឿង (សម្រាប់ជិះមើលផ្លូវ) រួចបើកគោយន្តបន្តទៅមុខ។មន្ត្រីជំនាញបានដេញតាមរហូតដល់ចំណុចស្រែប៉ាង (និយាមកា 712723, 1436948) ក៏រកឃើញគោយន្តកន្ត្រៃចំនួន ០៣គ្រឿង ដែលជនល្មើសយកទៅលាក់ក្នុងព្រៃ រួចរត់គេចខ្លួនបាត់ស្រមោល។ ដោយឡែក គោយន្ត ០១គ្រឿងទៀត បានរត់គេចរួច ដោយសារកម្លាំងមន្ត្រីមានចំនួនតិច និងស្ថានភាពមេឃងងឹតខ្លាំង។ វត្ថុតាងគោយន្ត ០៣គ្រឿង និងម៉ូតូ ០១គ្រឿង ត្រូវបាននាំយកមករក្សាទុកនៅទីស្នាក់ការកណ្តាលរយ៉លើ។
សេចក្តីរាយការណ៍បន្តថា នៅថ្ងៃទី០២-០៤ មិថុនា ក្រុមការងារបានដាក់កម្លាំងយាមកាមឈើនៅនឹងកន្លែងយ៉ាងតឹងរ៉ឹង មន្ត្រីជំនាញបន្តដឹកជញ្ជូនវត្ថុតាងឆ្ពោះទៅកាន់ទីស្នាក់ការ។ ទោះបីជាមានការរអាក់រអួល ដោយសារមធ្យោបាយដឹកជញ្ជូនខូចនៅចំណុចស្លាកដែកក៏ដោយ ក៏នៅថ្ងៃទី០៤ មិថុនា ឈើល្មើសទាំងអស់ត្រូវបានដឹកមកដល់ទីស្នាក់ការកណ្តាលរយ៉លើដោយសុវត្ថិភាព។
ហើយនៅថ្ងៃទី០៥-០៧ មិថុនា មន្ត្រីជំនាញបានបន្តរុករកគោយន្ត ០១គ្រឿងដែលនៅសេសសល់ តែរកមិនឃើញ។ បន្ទាប់មកបានរៀបចំកន្លែងទុកដាក់ និងធ្វើការវាស់វែងឈើជាក់ស្តែង។ ជាលទ្ធផល ឈើអារប្រភេទសុក្រំដែលដកហូតបានមានចំនួនសរុប ១៥០កំណាត់ ស្មើនឹង ៤,៣៦១ ម៉ែត្រគូប។
ចំណែកនៅថ្ងៃទី០៨ មិថុនា ក្រុមកម្លាំងជំនាញបានបន្តល្បាតរហូតដល់ចំណុចដៃអូររពើ ដោយពុំបានរកឃើញបទល្មើសធនធានធម្មជាតិអ្វីផ្សេងទៀតឡើយ។ចំពោះមធ្យោបាយ និងវត្ថុតាងដែលដកហូតបានទាំងអស់ ត្រូវបានរក្សាទុកនៅទីស្នាក់ការកណ្តាលរយ៉លើ ហើយមន្ត្រីជំនាញការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ មន្ត្រីជំនាញកំពុងតែរៀបចំកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕






Post a Comment