ដ្រូនអ៊ុយក្រែនវាយប្រហារលើកំពង់ផែ Primorsk របស់រុស្ស៊ី បំផ្លាញនាវាដឹកប្រេង និងនាវាចម្បាំងជាច្រើនគ្រឿង
កៀវ៖ កងកម្លាំងអ៊ុយក្រែនបានបើកយុទ្ធនាការវាយប្រហារដោយយន្តហោះដ្រូនទ្រង់ទ្រាយធំទៅលើគោលដៅនានានៅទូទាំងប្រទេសរុស្ស៊ី នាថ្ងៃអាទិត្យ ដោយក្នុងនោះបានវាយប្រហារចំកំពង់ផែ Primorsk ក្នុងសមុទ្របាល់ទិក បង្កឱ្យមានអគ្គិភ័យយ៉ាងសន្ធោសន្ធៅ និងបានបំផ្លាញនាវាជាច្រើនគ្រឿង។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ
ហ្សេឡេនស្គី បានបញ្ជាក់ថា
ការវាយប្រហារនេះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធស្ថានីយប្រេងក្នុងកំពង់ផែ
ព្រមទាំងបានបាញ់កម្ទេចនាវាដឹកប្រេងមួយគ្រឿង នាវាបាញ់មីស៊ីលប្រភេទ Karakurt
មួយគ្រឿង និងនាវាល្បាតមួយគ្រឿងទៀតផងដែរ។ លោក ហ្សេឡេនស្គី
បានសង្កត់ធ្ងន់ថា
លទ្ធផលទាំងនេះនឹងជួយកាត់បន្ថយសក្ដានុពលសង្គ្រាមរបស់រុស្ស៊ីឱ្យកាន់តែចុះខ្សោយ។
ដោយឡែក អាជ្ញាធរតំបន់របស់រុស្ស៊ីបានអះអាងថា
ខ្លួនបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនចំនួនជាង ៦០គ្រឿង កាលពីយប់មិញ។ លោក
អាឡិចសាន់ឌឺ ដ្រូដិនកូ (Alexander Drozdenko) អភិបាលតំបន់នោះ
បានបញ្ជាក់ថា អគ្គិភ័យនៅកំពង់ផែ Primorsk ដែលជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏ធំ
ត្រូវបានពន្លត់យ៉ាងឆាប់រហ័ស ហើយមិនមានការធ្លាយប្រេងចូលទៅក្នុងសមុទ្រនោះទេ
ក្រោយការវាយប្រហារខាងលើ៕ (Reuters)

Post a Comment