ចៅៗ របស់សម្តេចតេជោ បានត្រៀមខ្លួនអនុវត្តច្បាប់ កាតព្វកិច្ចយោធា
ខេត្តកំពង់ឆ្នាំង៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធាធ្វើឡើង ដោយស្មើភាព ហើយចៅៗ របស់សម្តេចក៏បានត្រៀម អនុវត្តដោយគ្មានការលើកលែង។ នេះជាប្រសាសន៍របស់សម្តេចតេជោ ពីវេទិកាជួបអង្គបោះឆ្នោត នៅកំពង់ឆ្នាំង ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។
គួរជម្រាបជូនថា ច្បាប់ ស្ដីពី «កាតព្វកិច្ចយោធា» ត្រូវបានប្រកាសឱ្យប្រើដោយប្រមុខរដ្ឋស្ដីទី
សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីរដ្ឋសភា និងព្រឹទ្ធសភា
អនុម័តរួច។ ច្បាប់នេះ មាន៨ជំពូក និង២០មាត្រា។
ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី
១៨ (ដប់ប្រាំបី) ឆ្នាំ ដល់ ២៥ (ម្ភៃប្រាំ) ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា
តាមការកំណត់នៃច្បាប់នេះ។ ការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រី
ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។
ការបំពេញកាតព្វកិច្ចយោធា មានរយៈពេលកំណត់ ២៤
(ម្ភៃបួន) ខែ គិតពីថ្ងៃចូលបំពេញកាតព្វកិច្ច។ ក្នុងករណីចាំបាច់
កាតព្វកិច្ចយោធាអាចបន្តបានដោយមិនឱ្យលើសពី ៦ (ប្រាំមួយ) ខែ តាមការកំណត់របស់
រាជរដ្ឋាភិបាល។
ជនណាដែលគេចវេះពីតាតព្វកិច្ចយោធា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី
៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី មួយលានរៀល ទៅ បួនលានរៀល ប្រសិនបើអំពើនេះ
ត្រូវបានប្រព្រឹត្តក្នុងកាលៈទេសៈដែលប្រទេសមានសន្តិភាព។ ដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ
៥ឆ្នាំ និងពិន័យជាប្រាក់ពី បួនលានរៀល ទៅ ដប់លានរៀល ប្រសិនបើអំពើនេះ
ត្រូវបានប្រព្រឹត្តក្នុង កាលៈទេសៈដែលប្រទេសមានសង្គ្រាម
ឬរងការឈ្លានពានពីកម្លាំងបរទេស៕

Post a Comment