ព្រះខ័នរាជស្វាយរៀង គ្រងជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ជាលើកទី៦ ក្រោយយកឈ្នះវិសាខា ដោយការទាត់ប៉េណាល់ទី ៥-៣
ភ្នំពេញ៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបន្ថែមកំណត់ត្រាគ្រងជើងឯក ១សម័យកាលទៀតហើយ ក្រោយយកឈ្នះគូប្រជែងវិសាខា ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៣ ក្រោយប្រកួត ១២០នាទីស្មើគ្នា ៤-៤ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ជាតិ) ឆ្នាំ២០២៥/២៦ នៅរាត្រីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ជំនួបដ៏តានតឹងនេះ វិសាខាបានបើកការនាំមុខ
២គ្រាប់មុន ដែលធ្វើសម្រេចដោយកីឡាករ ស៊ិន កក្កដា នៅនាទី១៤ និងមិត្តរួមក្រុម Scott
Allardice នៅនាទី២៥ មុនព្រះខ័នរាជស្វាយរៀង វាយបកតាមពីក្រោយ ១គ្រាប់វិញ
ដោយកីឡាករ Peprah Kwame នៅនាទី៤០។
ចូលវគ្គទី២ ក្រុមទាំងពីរ
បានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំង ខណៈវិសាខា ដែលព្យាយាមលេងការពារវាយបក
មានឱកាសរកបានគ្រាប់នាំមុខទី៣ ដោយកីឡាករ ឡេង ណូរ៉ា នៅនាទី៦៩ តែ ៤នាទីបន្ទាប់
ខ្សែប្រយុទ្ធហ្គាណា Kwame Peprah ក៏បានវាយបកគ្រាប់ទី២
ឲ្យព្រះខ័នរាជស្វាយរៀង នៅនាទី៧៣។
ជាមួយការព្យាយាមទប់ទល់ការសម្ពាធដ៏ខ្លាំងក្លាពីក្រុមជើងឯកលីគលីគកំពូលកម្ពុជាខាងលើ
វិសាខា ស្ទើរតែមានឱកាសលើកពានទៅហើយ តែសោកស្ដាយនៅចុងម៉ោង ប្រធានក្រុម Jagodinskis
Vitalijs បានទាត់បាល់ភ្លាត់ចូលទីខ្លួនឯង នៅនាទី៩០+៦
ជួយព្រះខ័នរាជស្វាយរៀង តាមស្មើ ៣-៣ និងនាំឲ្យការប្រកួតឈានដល់ម៉ោងបន្ថែម ១៥នាទី
២ដង។
ចូលដល់ម៉ោងបន្ថែម ១៥នាទីពីរដង វិសាខា
នៅតែព្យាយាមការពារ គ្រាដែលព្រះខ័នរាជស្វាយរៀង នៅតែដាក់សម្ពាធ តែម៉ោងបន្ថែម
១៥នាទីវគ្គទី២ ទើបព្រះខ័នរាជស្វាយរៀង រកបានគ្រាប់ទី៤ ដោយកីឡាករ Kwame
Peprah នៅនាទី១១៥ មុន ឆេង ម៉េង វាយបកគ្រាប់តាមស្មើឲ្យវិសាខាវិញ
នៅនាទី១១៨ ហើយលទ្ធផលនេះ ក៏បានរក្សាស្មើដល់ចប់ ១២០នាទី
និងឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ព្រះខ័នរាជស្វាយរៀង បានយកឈ្នះវិសាខា ៥-៣
ក្លាយជាជើងឯកតែម្ដង។
នេះជាលើកទី៦ ហើយ
ដែលក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ បានគ្រងជើងឯកពានរង្វាន់ដ៏ធំលំដាប់ទី២
នៅកម្ពុជា ក្នុងប្រវត្តិសាស្ដ្ររបស់ក្លិប ដែលបានឈានដល់វគ្គផ្ដាច់ព្រ័ត្រចំនួន
១១លើក។ ៦លើក ដែលព្រះខ័នរាជស្វាយរៀង បានគ្រងជើងឯក នៅឆ្នាំ២០១១, ២០១២, ២០១៥, ២០១៧, ២០២៣/២៤ និងចុងក្រោយ គឺនៅរដូវកាលឆ្នាំ២០២៥/២៦ នេះ។
ចំណែកក្រុមវិសាខា វិញ នេះជាលើកដំបូង
ដែលពួកគេទទួលបានត្រឹមជើងឯករង ក្នុងប្រវត្តិឡើងវគ្គផ្ដាច់ព្រ័ត្រ ៤លើក
បន្ទាប់ពីពួកគេ បានគ្រងជើងឯក ៣រដូវកាលជាប់គ្នា កាលពីឆ្នាំ២០២០, ២០២១ និងឆ្នាំ២០២២៕

Post a Comment