បទវិភាគ៖ពី“ចំណងមិត្តភាពដែកថែប” ដល់“កិច្ចសហប្រតិបត្តិការពហុវិស័យ” មិត្តភាពរវាងចិននិងស៊ែប៊ីកំពុងបោះជំហានឆ្ពោះទៅរកកម្រិតថ្មីទៀតឥតឈប់ឈរ
បរទេស៖ “កិច្ចជំនួបរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរទទួលបានលទ្ធផលជាផ្លែផ្កា ” “ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាង២០ច្បាប់” “ពង្រឹងថែមមួយកម្រិតទៀតនូវមិត្តភាពដែកថែប” “បានត្រួសត្រាយផ្លូវថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី”។ល។ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានវាយតម្លៃជាវិជ្ជមានចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោកAleksandar Vučićប្រធានាធិបតីស៊ែប៊ីនៅប្រទេសចិន ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែឧសភា។ នៅថ្ងៃទី២៥ ខែឧសភា លោកXi Jinpingប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Vučić ភាគីទាំងពីរឯកភាពគ្នាបន្តពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងស៊ែប៊ីដើម្បីជំរុញជាបន្តបន្ទាប់នូវការកសាងសហគមន៍រួមវាសនាចិន-ស៊ែប៊ីក្នុងយុគសម័យថ្មី។ ឥស្សរជនវិភាគយល់ឃើញថា នេះបានបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងចិន និងស៊ែប៊ី។
ក្នុងការប្រាស្រ័យទាក់ទងរវាងចិននិងប្រទេសដទៃទៀត មិត្តភាពដែកថែបរវាងប្រទេសចិននិងស៊ែប៊ីគឺមានភាពលេចធ្លោបំផុត។ ស៊ែប៊ីជាប្រទេសអឺរ៉ុបដំបូងគេបង្អស់ដែលបានរួមគ្នាកសាងសហគមន៍រួមវាសនាក្នុងយុគសម័យថ្មីជាមួយប្រទេសចិន ហើយក៏ជាប្រទេសដំបូងគេមួយក្នុងចំណោមប្រទេសអឺរ៉ុបដែលបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការស្តីពីការរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវជាមួយប្រទេសចិនផងដែរ។ ឆ្នាំនេះគឺជាខួបលើកទី១០នៃការបង្កើតទំនាកទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិននិងស៊ែប៊ី ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីបានឈានចូលដំណាក់កាលប្រវត្តិសាស្ត្រដ៏សំខាន់មួយ។បច្ចុប្បន្ននេះ ការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិននិងស៊ែប៊ីឱ្យឡើងដល់កម្រិតថ្មីមួយ គឺមិនត្រឹមតែជាតម្រូវការផ្ទៃក្នុងនៃការអភិវឌ្ឍរៀងៗខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជម្រើសដ៏ចាំបាច់នៃប្រទេសទាំងពីរក្រោមស្ថានការណ៍អន្តរជាតិដ៏ស្មុគស្មាញផងដែរ។ ឆ្នាំនេះគឺជាការចាប់ផ្តើមនៃផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥របស់ប្រទេសចិន ខណៈដែលស៊ែប៊ីក៏កំពុងជំរុញផែនការអភិវឌ្ឍន៍ជាតិ"ស៊ែប៊ីឆ្នាំ២០៣០"ផងដែរ។ ការពង្រឹងការតភ្ជាប់គ្នាខាងយុទ្ធសាស្ត្រអភិវឌ្ឍន៍នៃប្រទេសទាំងពីរ គឺសម្របទៅតាមឆន្ទៈប្រជាជននិងនិន្នាការជាទូទៅ។


Post a Comment