ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ដូ្រន ដល់នគរបាលជំនាញ នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន

រាជធានីភំ្នពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ដូ្រន ដល់នគរបាលជំនាញនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន។

ពិធីនេះ ធ្វើនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងលោក អេរិក មេលឌ្រីម នាយកកម្មវិធី នៃអង្គការមេត្រីអន្តរជាតិ (AIM SWAT) និងគ្រូឧទ្ទេសជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម លោក Matthew Davit DYETT គ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាល បានកោតសរសើរដល់សិក្ខាកាមដែលមានភាពវ័យឆ្លាតក្នុងការរៀនសូត្រឆាប់ចេះចាំបានល្អក្នុងការប្រើប្រាស់ដ្រូន។

លោក អេរិក មេលឌ្រីម នាយកកម្មវិធីនៃអង្គការមេត្រីអន្តរជាតិ (AIM SWAT) បានថ្លែងអំណរគុណដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ  ពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ដែលបានអនុញ្ញាតឲ្យមានការរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ដូ្រន សម្រាប់ជាឧត្តមប្រយោជន៍ដល់មន្រ្តីនគរបាលជំនាញនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងដូចអ្វីដែល លោក អេរិក មេលឌ្រីម នាយកកម្មវិធីនៃអង្គការមេត្រីអន្តរជាតិ (AIM SWAT) បានបញ្ជាក់រួចហើយ ពាក់ព័ន្ធការប្រើប្រាស់ដ្រូននេះ បច្ចុប្បន្ននេះ កងកម្លាំងប្រដាប់អាវុធបាននឹងកំពុងតែប្រើប្រាស់ដ្រូន ដើម្បីឃ្លាំមើលយកព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយ ក្នុងកិច្ចប្រតិបត្តិការ និងជាជំនួយក្នុងការស្រាវជ្រាវរុករកវត្ថុតាង។  ឯកឧត្តម ឧត្តមសេនីយ៍ឯក យល់ឃើញថា រយៈពេល៥ថ្ងៃនេះ យើងទទួលបាននូវចំណេះដឹងក៏ដូចជាបទពិសោធន៍ទាំងទ្រឹស្តី ផ្សារភ្ជាប់ការអនុវត្តជាក់ស្តែង ។ 

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានសង្កត់ធ្ងន់ឲ្យនាយកដ្ឋានយកចិត្តទុកដាក់ក្នុងការហ្វឹកហ្វឺនបន្ថែមដល់គ្រូបង្គោលទាំង៦រូប ដែលបានរៀនបញ្ចប់វគ្គនេះ ដើម្បីឲ្យមានជំនាញកាន់តែច្បាស់លាស់ ជាពិសេសអាចជួយបណ្តុះបណ្តាល ឬបង្រៀនដល់កងកម្លាំងរបស់យើងបន្តទៀត ។ ប៉ុន្តែការបណ្តុះបណ្តាលប្រើប្រាស់ដ្រូននេះ ត្រូវស្នើសុំការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ បន្ទាប់ពីបានការអនុញ្ញាតហើយ ត្រូវធ្វើកិច្ចសហការជាមួយសមត្ថកិច្ចដែលគ្រប់គ្រងដ្រូន ដែលមាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្ថិតក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយអាជ្ញាធរដែនដីផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានបន្តថា ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះទៅ នាយកដ្ឋាននឹងទទួលបានដ្រូនចំនួន៣គ្រឿងពី គ្រូឧទ្ទេសមកពីប្រទេសអូស្ត្រាលី តាមរយៈ លោក អេរិក មេលឌ្រីម នាយកកម្មវិធីនៃអង្គការមេត្រីអន្តរជាតិ (AIM SWAT) ហើយឯកឧត្តមនឹងស្នើសុំទៅថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការចុះបញ្ជីគ្រប់គ្រងដ្រូនទាំង៣គ្រឿងនេះ និងសូមឲ្យនាយកដ្ឋានយកទៅប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ជាពិសេសការប្រើប្រាស់នេះ តែក្នុងក្របខណ្ឌបច្ចេកទេសនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពាអនីតិជន៕






















Powered by Blogger.