ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត សម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ន ឈ្មោះ ទេព សុខផេង ជាមន្ត្រីនគរបាល ដោយដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន»

អត្ថបទ : ទ្រី ហៀន

ខេត្តកំពត÷ ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តកំពត លោក សេង ម៉ាឡាប បានសម្រេចចេញដីការបង្គាប់អោយឃុំខ្លួនជាបណ្តោះអាសន្នឈ្មោះ ទេព សុខផេង ភេទប្រុស អាយុ  ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរជាមន្ត្រីនគរបាល កម្រិតវប្បធម៌បរិញ្ញាប័ត្រ ទីលំនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

បើតាមដីការសម្រេចឱ្យឃុំខ្លួនលេខ ៥៨៥ ចុះថ្ងៃទី២៤ ខែមេសា  ឆ្នាំ២០២៦ របស់ចៅក្រមស៊ើបសួរ លោក សេង ម៉ាឡាប ជននេះត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យពីបទ«ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន» ប្រព្រឹត្តនៅចំណុចបុរីកោសល្យ-មុី ស្ថិតនៅភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤៥ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

តាមរយៈបណ្តាញសង្គម Facebook លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានសរសេរថា÷ មន្ត្រីជាអ្នកអនុវត្តច្បាប់ និងត្រូវមានសីលធម៏ល្អជាមួយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាមន្ត្រីមិនមែនជាអ្នកគៀបសង្កត់លើប្រជាពលរដ្ឋនោះទេ សំរាប់មន្ត្រីនគរបាលជាតិទាំងអស់នៃស្នងការដ្ឋាននគរបាលខេត្តកំពត មិនត្រូវយកគំរូតាមបុគ្គលខាងលើនេះជាដាច់ខាត ក្រុមប្រឹក្សារវិន័យនៃស្នងការដ្ឋាននគរបាលខេត្តកំពត និងធ្វើរបាយការណ៏ និងសំណើរទៅ ឯកឧត្តម នាយឧត្តមសេនីយ៏ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យនិងកាត់ឈ្មោះមន្ត្រីដែលមានឈ្មោះ ទេព សុខផេង នេះចេញពីក្របខ័ណ្ឌនគរបាលជាតិបន្ថែមទៀត៕





Powered by Blogger.