លោកជំទាវបណ្ឌិត ជា សិរី អនុញ្ញាតឱ្យក្រុមការងារវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុចូលជួបសម្តែងការគួរសម

 ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យក្រុមការងារវិទ្យាស្ថានធនាគារនិងហិរញ្ញវត្ថុ (IBF) ដឹកនាំដោយលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា (ABC) ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍នានាអំពីដំណើរការកម្មវិធីសិក្សាវិញ្ញាបនបត្រ Accredited Director Program (ADP) នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

ក្នុងជំនួបនេះ លោក រ័ត្ន សោភ័ណ បានបង្ហាញពីគោលបំណងនៃកម្មវិធីសិក្សា ADP ដែលមានគោលដៅលើកកម្ពស់អភិបាលកិច្ចសាជីវកម្មនៅក្នុងក្រុមហ៊ុន ជាពិសេសក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ លោកក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីនេះ និងស្នើសុំអនុសាសន៍បន្ថែម ដើម្បីពង្រឹងគុណភាពកម្មវិធីឱ្យកាន់តែប្រសើរ និងមានភាពសមស្របតាមនិន្នាការវិវត្តន៍នៃវិស័យធនាគារនៅកម្ពុជា។

ជាការឆ្លើយតប លោកជំទាវទេសាភិបាលបានបង្ហាញក្តីសោមនស្សចំពោះការវិវត្តរបស់ IBF នាពេលកន្លងមក ដែលស្របតាមគោលបំណងក្នុងការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យធនាគារ ទាំងផ្នែកបរិមាណ និងគុណភាព។ ជាមួយគ្នានេះ លោកជំទាវបានបង្ហាញការគាំទ្រចំពោះកម្មវិធីសិក្សា ADP នេះ និងផ្តល់អនុសាសន៍មួយចំនួន ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីបន្ថែមទៀត ព្រមទាំងលើកទឹកចិត្តឱ្យវិទ្យាស្ថាន IBF ពង្រឹងកិច្ចសហការជិតស្និទ្ធជាមួយវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ (IBS) ផងដែរ៕









 

Powered by Blogger.