3/02/2026

សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមណ្ឌលសុខភាពថ្មី នៅឃុំស្តៅ ស្រុកសេសាន

អត្ថបទ៖ ដេង ម៉ាវិន

ខេត្តស្ទឺងត្រែង៖ អគារមណ្ឌលសុខភាពថ្មីមួយ ត្រូវបានដាក់សម្ពាធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត នាព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៦នេះ នៅឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលជាសមិទ្ធផលថ្មីស្រឡាងមួយបន្ថែមទៀត ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ ។

អគារមណ្ឌលសុខភាពនេះមានចំនួន១ខ្នង បែងចែកជា៩បន្ទប់ បំពាក់ដោយបរិក្ខារពេទ្យចាំបាច់សម្រាប់បម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

ឯកឧត្តម សរ សុពុត្រា បានមានប្រសាសន៍ថា៖វិស័យសុខាភិបាលជាសរសរស្ដម្ភមួយយ៉ាងសំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ច និងសង្គម ដែលមានសារៈសំខាន់មិនអាចខ្វះបាន ហើយនេះក៏ជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់បំផុត និងការគិតគូរជាប្រចាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលសម្តេចតែងតែតម្កល់សុខុមាលភាពរបស់ប្រជាពលរដ្ឋជាអាទិភាពចម្បង។ ក្នុងនោះការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការឈានទៅរកការគ្របដណ្ដប់សុខភាពជាសកល គឺជាគោលដៅយុទ្ធសាស្ត្រ ដើម្បីធានាថាប្រជាជនគ្រប់រូបទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព យុត្តិធម៌ និងប្រសិទ្ធភាព ។

ទន្ទឹមនោះឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តផ្ដល់នូវជំនឿចិត្តយ៉ាងមុតមាំលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ៕