ប្រជាពលរដ្ឋប្តឹង លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ និងលោក សាយ វណ្ណៈ អភិបាលរងស្រុក រួមនិងគូកនមួយចំនួនទៀតទៅក្រសួងមហាផ្ទៃ

ត្ថបទ : ទ្រី ហៀន

ភ្នំពេញ÷ យោងលិខិតលេខ ២៥០៩ អ.ធិ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាន គោរពជូន ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានកម្មវត្ថុស្នើសុំគោលការណ៍ធ្វើអធិការកិច្ចនៅរដ្ធបាលខេត្តតាកែវ ពាក់ព័ន្ធនឹងខ្លឹមសារពាក្យបណ្តឹងរបស់ឈ្មោះ ហ៊ូ សារ៉ាន មានទីលំនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

លិខិតដដែលមានខ្លឹមសារថា ក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្តឹងដូចមានក្នុងយោងខាងលើ ស្នើសុំចាត់មន្ត្រី នៃអគ្គាធិការសហធាន ចុះធ្វើអធិការកិច្ចលើការអនុវត្តតួនាទី ភារកិច្ចរបស់លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកត្រាំកក់ ខេត្តតាកែវ និងលោក សាយ វណ្ណៈ អភិបាលរង នៃគណៈអភិបាលស្រុកត្រាំកក់ ខេត្តតាកែវ ព្រមទាំងបក្សពួក ជាច្រើនករណីរួមមាន÷

១ . លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកត្រាំកក់ ខេត្តតាកែវ និងបក្សពួកបានគប់គិតជាមួយឈ្មោះ ងន ហ៊ាល លុបអូរដែលជាផ្លូវទឹកសាធារណៈរបស់រដ្ឋ ទទឹងប្រវែង៦ម៉ែត្រ បណ្តោយប្រវែង៥០០ម៉ែត្រ ស្ថិតនៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។

២ . លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកត្រាំកក់ ខេត្តតាកែវ និងលោក សាយ វណ្ណៈ អភិបាលរង នៃគណៈអភិបាលស្រុកត្រាំកក់ ខេត្តតាកែវ មិនបានធ្វើការទប់ស្កាត់ និងបង្ក្រាបចំពោះការគប់គិតគ្នារវាងឈ្មោះ ណីប អង ជាមួយឈ្មោះ ជា សំអុល ស្មៀនឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានក្លែងស្នាមមេដៃរបស់ឈ្មោះ ស្វាយ សារ៉ា ព្រមទាំងបង្ខំឱ្យលោកមេភូមិចុះហត្ថលេខា ដើម្បីធ្វើការឈូសឆាយ ទន្ទ្រាន និងកាន់កាប់ដីបឹងខ្ពបត្របែក។

៣ . លោក កេត ម៉ៅ បានទន្ទ្រានយកដីបឹងត្នោតទេជាច្រើនកន្លែងកាលពីឆ្នាំ២០២៣-២០២៤ អំឡុងពេលលោកធ្វើជាអភិបាល នៃគណៈអភិបាលស្រុកសំរោង ខេត្តតាកែវ។ ចំណែកការសាងសង់របងរំលោភចំណីនឹងស្លាគូ ដោយគ្មានច្បាប់អនុញ្ញាតរហូតដល់ជាង៣០០០ម៉ែត្រ ក៏លោក កេត ម៉ៅ មិនបានចាត់មន្ត្រីឱ្យធ្វើការត្រួតពិនិត្យដែរ។

៤ . អំឡុងពេលលោក កេត ម៉ៅ ធ្វើជាអភិបាល នៃគណៈអភិបាលស្រុកសំរោង ខេត្តតាកែវ លោកបានគប់គិតជាមួយលោក ធន វ៉ាត ប្រធានការិយាល័យរដ្ធបាល និងហិរញវត្ថុស្រុកសំរោង ក្លែងបញ្ជីវត្តមាន និងតារាងបៀវត្ស ដើម្បីបើកប្រាក់បៀវត្សរបស់លោក ជឹម គង់ ជាធម្មតាទោះបីជាលោកមិនបានទៅបំពេញការងារ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ធ្វើឱ្យបាត់បង់សមត្ថភាពការងារជាច្រើនឆ្នាំ។

បច្ចុប្បន្នលោក កេត ម៉ៅ ធ្វើជាអភិបាល នៃគណៈអភិបាលស្រុកត្រាំកក់ ខេត្តតាកែវ បានបន្តក្លែងបន្លំហត្ថលេខាលើបញ្ជីវត្តមាន និងតារាងបៀវត្ស ដើម្បីបើកប្រាក់បៀវត្សរបស់លោក អ៊ុត សំនិត មន្ត្រីនៃការិយាល័យរដ្ធបាល និងហិរញវត្ថុស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានចេញទៅរស់នៅសហរដ្ឋអាមេរិកជិតមួយឆមាសទៅហើយ។

ពាក់ព័ន្ធនិងពាក្យបណ្តឹងនេះដែរ លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកត្រាំកក់ និងលោក សាយ វណ្ណៈ អភិបាលរង នៃគណៈអភិបាលស្រុកត្រាំកក់ ខេត្តតាកែវ អង្គភាពសារព័ត៌មាន«ភ្នំពេញដេលី»មិនអាចស្វែងរកដើម្បីសុំការបកស្រាយបានឡើយ ព្រោះមិនមានលេខទូរស័ព្ទ៕






Powered by Blogger.