ស្នងការអឺរ៉ុបព្រមានថា បើអាមេរិកប្រើកម្លាំងយកហ្គ្រីនឡែន នោះជាទីបញ្ចប់នៃណាតូ
ស្តុកហូម៖ ស្នងការអឺរ៉ុបទទួលបន្ទុកការពារជាតិ និងលំហអាកាស លោក អាន់ឌ្រីយូស គូប៊ីលីយូស (Andrius Kubilius) នៅថ្ងៃចន្ទ បានព្រមានយ៉ាងម៉ឺងម៉ាត់ថា ប្រសិនបើសហរដ្ឋអាមេរិកប្រើកម្លាំងយោធាដើម្បីកាន់កាប់កោះហ្គ្រីនឡែន នោះវានឹងក្លាយជាទីបញ្ចប់នៃអង្គការណាតូ ហើយសហភាពអឺរ៉ុប (EU) មានកាតព្វកិច្ចត្រូវជួយដាណឺម៉ាក។
ការព្រមាននេះធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ
មិនបានច្រានចោលលទ្ធភាពប្រើកម្លាំងដើម្បីយកដែនដីស្វយ័តនេះទេ
ដោយសំអាងថាវត្តមានយោធាអាមេរិកបច្ចុប្បន្នមិនគ្រប់គ្រាន់ដើម្បីទប់ទល់នឹងរុស្ស៊ី
ឬចិនឡើយ។
លោក គូប៊ីលីយូស
បានលើកឡើងក្នុងសន្និសីទសន្តិសុខនៅស៊ុយអែតថា យោងតាមមាត្រា ៤២.៧ នៃសន្ធិសញ្ញា EU រដ្ឋសមាជិកមានកាតព្វកិច្ចជួយគ្នាទៅវិញទៅមក
ប្រសិនបើសមាជិកណាមួយប្រឈមមុខនឹងការឈ្លានពានយោធា។ លោកបានបញ្ជាក់ថា «ប្រាកដណាស់
មានកាតព្វកិច្ចជួយគ្នាទៅវិញទៅមក...ប្រសិនបើដាណឺម៉ាកប្រឈមមុខនឹងការឈ្លានពាន»។
លោក គូប៊ីលីយូស បានបន្ថែមថា
ក្រៅពីការរំលាយណាតូ
សកម្មភាពនេះក៏នឹងបង្កឱ្យមានប្រតិកម្មអវិជ្ជមានយ៉ាងខ្លាំងពីសាធារណជនផងដែរ៕ (Reuters)

Post a Comment