ត្រាំ គំរាមធ្វើប្រតិបត្តិការយោធាប្រឆាំងប្រទេសកូឡុំប៊ី ក្រោយវាយប្រហារវ៉េណេស៊ុយអេឡា

វ៉ាស៊ីនតោន៖ កាលពីថ្ងៃអាទិត្យ ទី៤ ខែមករា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមធ្វើប្រតិបត្តិការយោធា ប្រឆាំងរដ្ឋាភិបាលនៃប្រទេសកូឡុំប៊ី ដោយប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា ប្រតិបត្តិការបែបនោះ គឺស្តាប់ទៅល្អសម្រាប់លោក។

ប្រាប់ទៅកាន់ក្រុមអ្នកកាសែត នៅលើយន្តហោះ Air Force One ដោយចង់សំដៅលើប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro លោក ត្រាំ ថ្លែងដូច្នេះថា៖ «កូឡុំប៊ីក៏កំពុងមានបញ្ហាយ៉ាងធ្ងន់ធ្ងរដែរ ហើយគ្រប់គ្រងដោយបុរសដ៏អសមត្ថភាពម្នាក់ ដែលចូលចិត្តផលិតគ្រឿងញៀនកូកាអ៊ីន ហើយលក់ពួកវាមកកាន់សហរដ្ឋអាមេរិក ប៉ុន្តែជននោះនឹងមិនមានឱកាសនៅបន្តធ្វើវាបានយូរអង្វែងទៀតឡើយ»។ នៅពេលត្រូវបានសាកសួរត្រង់ៗ ថាតើសហរដ្ឋអាមេរិក នឹងធ្វើប្រតិបត្តិការយោធាប្រឆាំងកូឡុំប៊ីដែរឬទេ លោក ត្រាំ បានឆ្លើយតបថា «វាស្តាប់មើលទៅ គឺល្អសម្រាប់ខ្ញុំ»

ការអត្ថាធិប្បាយដូចខាងលើរបស់លោក ត្រាំ ធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិក បានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ក្នុងប្រតិបត្តិការយោធាដ៏ភ្ញាក់ផ្អើលមួយ ហើយបានបញ្ជូនរូបលោក មកដល់ទីក្រុងញូវយ៉ក ដើម្បីឃុំខ្លួនរង់ចាំការកាត់ទោស ក្រោមបទចោទប្រកាន់ពាក់ព័ន្ធឧក្រិដ្ឋកម្មគ្រឿងញៀន។ កូឡុំប៊ីបានស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលបានចេញមុខថ្កោលទោសភ្លាមៗ ចំពោះការវាយប្រហាររបស់អាមេរិក។ តាមពិតទៅ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកូឡុំប៊ី បានចាប់ផ្តើមធ្លាក់ចុះរួចជាស្រេច ចាប់តាំងពីលោក ត្រាំ ត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីដើមឆ្នាំ២០២៥៕



 

Powered by Blogger.