1/12/2026

ត្រាំ កំពុងពិចារណាលើជម្រើសយោធាប្រឆាំងនឹងអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី១១ ខែមករា បាននិយាយថា រូបលោកកំពុងពិចារណាលើជម្រើសយោធាប្រឆាំងនឹងអ៊ីរ៉ង់ បន្ទាប់ពីមាន សេចក្ដីរាយការណ៍ពីការបង្រ្កាបយ៉ាងបង្ហូរឈាមលើក្រុមបាតុករប្រឆាំងរដ្ឋាភិបាលពីសំណាក់កងកម្លាំងសន្តិសុខអ៊ីរ៉ង់។

នៅពេលត្រូវបានសាកសួរដោយក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One ថាតើអ៊ីរ៉ង់បានដើរឆ្លងបន្ទាត់ក្រហមដែលលោកបានគូសកន្លងមកដែរឬក៏យ៉ាងណា? លោក ត្រាំ បានឆ្លើយថា «មើលទៅ ពួកគេកំពុងចាប់ផ្ដើមដើរឆ្លងបន្ទាត់ក្រហមហើយ»។ លោកបន្ថែមថារូបលោក និងយោធាអាមេរិកកំពុងសិក្សាពីជម្រើសជាច្រើនដើម្បីឆ្លើយតបទៅនឹងការកើនឡើង នៃភាពចលាចលនៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងនោះរួមមានទាំងជម្រើសយោធាផងដែរ។ លោក ត្រាំ កាលពីពេលថ្មីៗនេះបានព្រមានថាសហរដ្ឋអាមេរិកអាចនឹងធ្វើអន្តរាគមន៍ជួយដល់ ក្រុមបាតុករអ៊ីរ៉ង់ ប្រសិនបើរដ្ឋអំណាចតេហេរ៉ង់បាញ់ប្រហារលើក្រុមហ្វូងបាតុករ។

បើតាមក្រុមអង្គការសិទ្ធិមនុស្សនៅអ៊ីរ៉ង់ ចំនួនអ្នកស្លាប់នៅក្នុងការបង្ក្រាបបាតុកម្មទូទាំងប្រទេសអ៊ីរ៉ង់ បានកើនឡើងនៅថ្ងៃអាទិត្យនេះយ៉ាងហោចណាស់ ៥៣៨នាក់ ខណៈមនុស្សជាង១០.៦០០នាក់ត្រូវបានចាប់ឃុំខ្លួន៕ (Reuters)